ចិនបើកផ្លូវថ្មី! ភាពយន្ត AI កំពុងរីកចម្រើន ខណៈថ្លៃដើមផលិតធ្លាក់ពីរាប់ពាន់មកត្រឹមប៉ុន្មានរយយ័នប៉ុណ្ណោះ
25-09-2026 14:19
(បរទេស)៖ ប្រទេសចិនកំពុងជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យភាពយន្ត ដោយរដ្ឋាភិបាលទីក្រុង និងតំបន់ឧស្សាហកម្មជាច្រើនផ្តល់ការឧបត្ថម្ភ កន្លែងធ្វើការ និងធនធានកុំព្យូទ័រ ដើម្បីទាក់ទាញអ្នកផលិតភាពយន្ត និងក្រុមហ៊ុន AI។ លោក Zhu Zhili អ្នកផលិតភាពយន្ត AI នៅទីក្រុងសិនជិន បាននិយាយថា លោកទទួលការទាក់ទងពីទីក្រុងធំៗ និងតំបន់តូចៗជាច្រើនជារៀងរាល់ថ្ងៃ ដោយពួកគេចង់ឱ្យលោកយកអាជីវកម្ម ឬបច្ចេកវិទ្យាទៅបង្កើតនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
ការកាត់បន្ថយថ្លៃផលិត គឺជាកត្តាសំខាន់ដែលកំពុងទាក់ទាញអ្នកផលិតឱ្យងាកមកប្រើ AI។ យោងតាមស្ថានីយទូរទស្សន៍រដ្ឋ CCTV ក្នុងឆមាសទី១ឆ្នាំ២០២៦ ថ្លៃផលិតរឿងខ្លីដោយ AI បានធ្លាក់ពីប្រមាណ ៥,០០០យ័នក្នុងមួយនាទី មកនៅត្រឹមប៉ុន្មានរយយ័ន។ លោក Pan Xiaojun និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រផ្នែកដឹកនាំភាពយន្ត បាននិយាយថា៖ «ឈុតអាពាហ៍ពិពាហ៍ធម្មតាមួយ អាចចំណាយអស់ ៦០,០០០យ័ន ប្រសិនបើថតតាមរបៀបធម្មតា។ ប៉ុន្តែជាមួយ AI ខ្ញុំអាចធ្វើឱ្យឈុតដ៏អស្ចារ្យដូចគ្នានោះក្លាយជាការពិត ដោយចំណាយត្រឹមតែ ១,៤០០យ័ន»។ ទីក្រុងសៀងហៃ ប៉េកាំង និងសិនជិន ក៏បានដាក់ចេញវិធានការគាំទ្រផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើម និងពន្លឿនការផលិតមាតិកា AI។
ទោះជាយ៉ាងណា ការផលិតដែលកើនឡើងយ៉ាងលឿនក៏បង្កការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងការប្រកួតប្រជែងដណ្តើមអ្នកទស្សនា។ ទិន្នន័យរបស់ DataEye បង្ហាញថា ក្នុងឆមាសទី១ឆ្នាំនេះ មានរឿង និងកម្មវិធី AI ថ្មីប្រមាណ ២២១,៩០០ ត្រូវបានដាក់ឱ្យដំណើរការនៅលើ Douyin ប៉ុន្តែមានតែ ១,០៥៥ ប៉ុណ្ណោះដែលទទួលបានការទស្សនាលើស ១០០លានដង។ ទន្ទឹមនឹងនេះ តារាសម្តែងបានលើកឡើងពីការព្រួយបារម្ភចំពោះការយករូបរាង និងសំឡេងរបស់ពួកគេទៅប្រើក្នុងមាតិកា AI ខណៈអ្នកប្រើប្រាស់មួយចំនួនរិះគន់ការលួចចម្លង និងការខ្វះភាពច្នៃប្រឌិត។
គួរជម្រាបថា ចិនតម្រូវឱ្យមានការដាក់ស្លាកបញ្ជាក់មាតិកាដែលបង្កើតដោយ AI ប៉ុន្តែមិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់ស្តីពីកម្មសិទ្ធិបញ្ញាសម្រាប់មាតិកាប្រភេទនេះនៅឡើយ។ ទោះជាយ៉ាងណា ភាពយន្ត AI របស់ចិនកំពុងចាប់ផ្តើមឈានទៅទីផ្សារអន្តរជាតិ។ អ្នកដឹកនាំរឿង Cao Yiwen ដែលបានបញ្ចាំងភាពយន្តគំនូរជីវចល AI របស់ខ្លួននៅមហោស្រពភាពយន្ត AI ពិភពលោកនៅទីក្រុង Cannes បាននិយាយថា៖ «បារាំង និងអឺរ៉ុបនៅតែរង់ចាំមើលថា តើចិននឹងដាក់ចេញច្បាប់ច្បាស់លាស់ឬយ៉ាងណា។ យើងបានដើរយឺតជាងគេក្នុងបដិវត្តន៍ឧស្សាហកម្មពីរលើកដំបូង ដូច្នេះប្រហែលជានេះអាចជាបដិវត្តន៍ឧស្សាហកម្មលើកទី៣»៕












