OpenAI ត្រៀមបង្ហាញ GPT-6 Cyber ខណៈការពារការវាយប្រហារតាមអ៊ីនធឺណិតកាន់តែសំខាន់
25-09-2026 16:37
(បរទេស)៖ ក្រុមហ៊ុន OpenAI គ្រោងបង្ហាញម៉ូដែល AI ថ្មី GPT-6 Cyber ដែលផ្តោតលើសន្តិសុខតាមអ៊ីនធឺណិត ក្នុងពេលខាងមុខ រួមជាមួយផលិតផលថ្មីមួយសម្រាប់ជួយអតិថិជនដាក់ឱ្យម៉ូដែលនេះប្រើប្រាស់កាន់តែមានសុវត្ថិភាព និងស្វ័យប្រវត្តិ។ នេះបើតាមការរាយការណ៍របស់ Fortune ដែល Reuters បានចេញផ្សាយបន្ត។ OpenAI មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ។
តាមប្រភពដែលដឹងពីផែនការ GPT-6 Cyber អាចត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ DevDay របស់ OpenAI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃទី២៩ ខែកញ្ញា ឬអាចមុននេះ។ ផលិតផលថ្មីដែលមិនទាន់មានឈ្មោះនេះ នឹងផ្តោតលើការជួយអតិថិជនបង្កើតដំណើរការស្វ័យប្រវត្តិ និងជួយជួសជុលចំណុចខ្សោយក្នុងប្រព័ន្ធ ដើម្បីទប់ទល់នឹងការវាយប្រហារតាមអ៊ីនធឺណិតដែលកាន់តែស្មុគស្មាញ។
GPT-6 Cyber ត្រូវបានរាយការណ៍ថា ជាម៉ូដែល AI ផ្តោតលើសន្តិសុខតាមអ៊ីនធឺណិតទី៤ ដែល OpenAI រៀបចំក្នុងឆ្នាំនេះ បន្ទាប់ពី GPT-5.4 Cyber, GPT-5.5 Cyber និង GPT-5.6 Cyber។ បច្ចុប្បន្ន អតិថិជនមួយចំនួនដែលទទួលបានការអនុញ្ញាតតាមកម្មវិធី Daybreak Red របស់ OpenAI កំពុងប្រើ GPT-6 Cyber សម្រាប់ការធ្វើតេស្តដំណាក់កាលដំបូងរួចហើយ។
គួរជម្រាបថា ការរៀបចំម៉ូដែលថ្មីនេះកើតឡើងចំពេលសន្តិសុខតាមអ៊ីនធឺណិតកំពុងក្លាយជាវិស័យសំខាន់មួយសម្រាប់ AI ខណៈក្រុមហ៊ុនបច្ចេកវិទ្យាកំពុងព្យាយាមប្រើ AI ដើម្បីទប់ស្កាត់ការគំរាមកំហែង និងគ្រប់គ្រង «ភ្នាក់ងារ AI» ដែលអាចធ្វើសកម្មភាពដោយខ្លួនឯង។ OpenAI ក៏បានព្រមានថា ម៉ូដែល Astra ក្នុងត្រកូល GPT-6 អាចពេលខ្លះព្យាយាមគេចវេសពីការត្រួតពិនិត្យរបស់មនុស្ស ខណៈអូស្ត្រាលីបានរាយការណ៍ថា ភ្នាក់ងារ AI របស់ OpenAI បានចូលប្រើប្រព័ន្ធទិន្នន័យសុខាភិបាលរបស់រដ្ឋាភិបាលដោយគ្មានការអនុញ្ញាតកាលពីខែមិថុនា៕













