មួយព្រឹកនៃសទ្ធា ការចងចាំ និងការដឹងគុណ! «ជីប ម៉ុង» រៀបចំកាន់បិណ្ឌវេនទី៧ និងរាប់បាត្រព្រះសង្ឃ ១,០០០អង្គ
26-09-2026 11:37
(ភ្នំពេញ)៖ រដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ពុទ្ធសាសនិកខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន ដែលបានចែកឋានទៅ។ ក្នុងស្មារតីនេះ ជីប ម៉ុង នឹងរៀបចំពិធីកាន់បិណ្ឌវេនទី៧ រាប់បាត្រព្រះសង្ឃសរុប ១,០០០អង្គ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីរួមគ្នាធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។
ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកអគ្គនាយកបន្តវេនទាំង៤ ថ្នាក់ដឹកនាំ និងបុគ្គលិកមកពីពហុពាណិជ្ជកម្មនានារបស់ ជីប ម៉ុង ហើយក៏បើកទូលាយសម្រាប់បងប្អូន ពុទ្ធបរិស័ទ និងសាធារណជនចូលរួមផងដែរ ដើម្បីរួមគ្នាធ្វើបុណ្យ បន្តតម្លៃនៃកតញ្ញូធម៌ និងចូលរួមថែរក្សាវប្បធម៌នេះឱ្យនៅគង់វង្សសម្រាប់ជំនាន់ក្រោយ។
កុសលផលបុណ្យនៃពិធីនេះ នឹងត្រូវឧទ្ទិសជូនដល់វីរកងទ័ពដែលបានពលីជីវិត ដើម្បីរំឭកដល់ការលះបង់ និងសម្តែងការដឹងគុណចំពោះអ្នក ដែលបានបំពេញភារកិច្ចដើម្បីជាតិរហូតដល់ដង្ហើមចុងក្រោយ។
ជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរ ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្ម ដើម្បីផ្តល់ត្រឡប់ទៅកាន់សង្គមវិញ តាមរយៈការឧបត្ថម្ភ ផ្តល់ជាជំនួយ ឬសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។ ផ្សារភ្ជាប់នឹងការបន្តថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនសាធារណជនទាំងអស់ អាចចូលរួមពិធីកាន់បិណ្ឌ និងរាប់បាត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ព្រឹកតទៅ។
សទ្ធារាប់ពាន់ រួមបុណ្យរួមកុសលតែមួយ! ជួបគ្នានៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល..!៕



