OpenAI កំពុងពិនិត្យសកម្មភាព AI របស់ខ្លួន ក្រោយរកឃើញការចូលប្រើគេហទំព័ររដ្ឋាភិបាលអាមេរិក
26-09-2026 13:02
(បរទេស)៖ ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុន OpenAI បានចូលប្រើព័ត៌មានដែលមានជាសាធារណៈនៅលើគេហទំព័ររដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងគេហទំព័រការិយាល័យជំរឿនប្រជាជនអាមេរិក (Census Bureau) និងគណៈកម្មការមូលបត្រ និងផ្សារហ៊ុនអាមេរិក (SEC)។ នេះបើយោងតាមការរាយការណ៍របស់ Bloomberg News និងចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
តាមរបាយការណ៍ ប្រព័ន្ធ AI ដែលអាចធ្វើការងារដោយស្វ័យប្រវត្តិរបស់ OpenAI បានធ្វើអន្តរកម្មជាមួយគេហទំព័រ SEC.gov, Investor.gov និងទិន្នន័យសាធារណៈនៅលើ Census.gov។ សកម្មភាពនេះត្រូវបានរកឃើញក្នុងអំឡុងពេលក្រុមហ៊ុនកំពុងពិនិត្យសកម្មភាពរបស់ម៉ូដែល AI របស់ខ្លួន។
អ្នកនាំពាក្យ OpenAI បាននិយាយថា ក្រុមហ៊ុនកំពុង «ធ្វើការពិនិត្យយ៉ាងទូលំទូលាយលើសកម្មភាពរបស់ម៉ូដែលដែលមិនស្របតាមគោលបំណង» និង «ជូនដំណឹងដល់ស្ថាប័ននានា នៅពេលយើងរកឃើញផលប៉ះពាល់ដែលអាចកើតមានចំពោះប្រព័ន្ធរបស់ពួកគេ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រុមហ៊ុនរំពឹងថានឹងមានការជូនដំណឹងបន្ថែម ខណៈការពិនិត្យនៅតែបន្ត។
ទោះជាយ៉ាងណា OpenAI បានបញ្ជាក់ថា ការពិនិត្យរហូតមកដល់ពេលនេះ ភាគច្រើនរកឃើញថា សកម្មភាពទាំងនោះជាការងារស្រាវជ្រាវធម្មតា។ អ្នកនាំពាក្យក្រុមហ៊ុនបានពន្យល់ថា ម៉ូដែលរបស់ខ្លួនតែងតែប្រើប្រាស់គេហទំព័ររដ្ឋាភិបាល ដោយសារគេហទំព័រទាំងនេះជាប្រភពព័ត៌មានសាធារណៈដែលមានភាពជឿទុកចិត្ត៕









