ភ្នំពេញក្រោន អាចការពារជើងឯកបានទេ ប៉ះវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រលីគនារី នាល្ងាចនេះ?
27-09-2026 13:02
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះហើយ ដោយក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន នឹងត្រូវជួបក្រុមជើងឯករងឆ្នាំចាស់ វិសាខា នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ចាំមើលតើភ្នំពេញក្រោន អាចរក្សាតំណែងជើងឯកបានទៀតដែរឬទេ?
ក្នុងលីគនារីឆ្នាំនេះ ភ្នំពេញក្រោន គឺជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ឬស្មើ ពោលគឺឆ្លងកាត់វគ្គសន្សំពិន្ទុ ២ជុំ ពួកគេរកបាន ៤២ពិន្ទុពេញពីជ័យជម្នះ ១៤ប្រកួតជាប់គ្នា គ្រាដែលវិសាខា ឈរលេខ២ ក្រោយឆ្លងកាត់ ១៤ប្រកួត ឈ្នះ ៨ ស្មើ ៤ និងចាញ់ ២ប្រកួត ដែលការបរាជ័យនេះ គឺចាញ់ក្រោមថ្វីជើងក្រុមភ្នំពេញក្រោនផ្ទាល់តែម្ដង។
នេះគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ដោយក្រៅពីការការពារ និងប្រជែងជើងឯក ក៏ជាឱកាសសម្រាប់ក្រុមម្ចាស់ពាន ដែលនឹងទទួលបានសិទ្ធិតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ AFC Champions Women’s League នាឆ្នាំ២០២៧ ផងដែរ។ ដូច្នេះគេរំពឹងថា ជំនួបកាត់សេចក្ដីល្ងាចនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តសម្រាប់ទស្សនិកជន។
គួរដឹងថា មុនឈានដល់គូដណ្ដើមជើងឯក រវាងក្រុមបាល់ទាត់នារីភ្នំពេញក្រោន និង វិសាខា ដែលគ្រោងចាប់ផ្ដើមការប្រកួតនាម៉ោង ៦៖៣០នាទីល្ងាច ក៏នឹងមានគូដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមកីឡាការិនីព្រះខ័នរាជស្វាយរៀង និងក្រុមសៀមរាបអេហ្វស៊ី នៅរសៀលថ្ងៃជាមួយគ្នានេះដែរ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) តែមួយគត់៕







