កម្ពុជា ជួបមីយ៉ាន់ម៉ា ល្ងាចនេះ ក្នុងពាន FIFA ASEAN Cup 2026 ខណៈត្រូវការពិន្ទុដាច់ខាត ដើម្បីមានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ
27-09-2026 13:33
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាវេលាម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុងនៃជំនួបពានរង្វាន់ FIFA ASEAN Cup 2026 (Division 2)។
នេះគឺជាការប្រកួតដ៏សំខាន់សម្រាប់កម្ពុជា ព្រោះជាការប្រកួតដំបូងរបស់ខ្លួន ក្នុងពូល B ដែលមានបេក្ខភាពត្រឹម ៣ក្រុម ស្របពេលក្រុមមីយ៉ាន់ម៉ា កំពុងមាន ៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-០ កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ។
យោងតាមរូបមន្ដប្រកួត ដែលកំណត់យកតែក្រុមលេខ១ តាមពូលនីមួយៗឡើងវគ្គផ្ដាច់ព្រ័ត្រ កម្ពុជាចាំបាច់ត្រូវការពិន្ទុដាច់ខាតពីជំនួបទល់ក្រុមមីយ៉ាន់ម៉ាល្ងាចនេះ ដើម្បីមានឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីស្មើគ្នាក៏ដោយ តែបើភ្លាត់ចាញ់ ឱកាសឡើងប្រជែងពានរៀបចំ និងទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នេះ នឹងត្រូវបាត់បង់
ជាមួយការប្រកួតពានរង្វាន់បាល់ទាត់ថ្មីប្រចាំតំបន់អាស៊ាន និងមានការអញ្ជើញក្រុមមួយចំនួនចូលរួមពី FIFA ក្រុមនីមួយៗ សុទ្ធតែបានដាក់គោលដៅខ្ពស់ក្នុងការប្រកួតប្រជែង ជាក់ស្ដែងគ្រូបង្វឹករបស់កម្ពុជា និងមីយ៉ាន់ម៉ា មិនត្រឹមប្ដេជ្ញានាំក្រុមឆ្លងផុតវគ្គចែកពូលនោះទេ តែថែមទាំងមានគោលដៅបើកទំព័រប្រវត្តិសាស្ដ្រប្រជែងជើងឯកសម្រាប់ក្រុមរៀងៗខ្លួនទៀតផង។
គួរដឹងថា FIFA ASEAN Cup 2026 (Division 2 ឬកម្រិតទី២) គឺមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល B ជាមួយមីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល A គឺមានម្ចាស់ផ្ទះហុងកុង, ឡាវ និងប្រ៊ុយណេ ។ ក្រោយជួបមីយ៉ាន់ម៉ា នឹងត្រូវជួបទីមីរខាងកើត នាថ្ងៃទី៣០ ខែកញ្ញាខាងមុខ៕







