ក្រុមហ៊ុន Hyundai Cambodia បើកបង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី Hyundai ELEXIO ជាផ្លូវការ នៅកម្ពុជា (Video inside)
27-09-2026 14:39
(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសបើកបង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី Hyundai ELEXIO ជាផ្លូវការ ដេីម្បីបំពេញទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ដោយនាំមកនូវការរចនាបែបទំនើប បច្ចេកវិទ្យាថ្មី និងបទពិសោធន៍បើកបររថយន្តអគ្គិសនីជំនាន់ថ្មី សម្រាប់អតិថិជនកម្ពុជា។
ការបង្ហាញ Hyundai ELEXIO ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយរបស់ Hyundai Cambodia ក្នុងការនាំយកផលិតផល និងបច្ចេកវិទ្យារថយន្តអគ្គិសនីទំនើបមកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍កាន់តែខ្លាំងលើការប្រើប្រាស់យានយន្តដែលប្រើថាមពលអគ្គិសនី។
នាឱកាសនោះដែរ លោក Kim SeungHun នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Cambodia បានថ្លែងថា បច្ចុប្បន្ននេះ ទីផ្សាររថយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទទួលបានការគាំទ្រជាវិជ្ជមានពីរាជរដ្ឋាភិបាល ហើយអតិថិជនកាន់តែច្រើនឡើងកំពុងស្វែងរកជម្រើសប្រកបដោយនិរន្តរភាពសម្រាប់ការធ្វើដំណើរ។
លោក Kim SeungHun បានបន្ដថា «ចំពោះ Hyundai Cambodia វិញ យើងសង្កេតឃើញថា អតិថិជនសព្វថ្ងៃមិនត្រឹមតែចង់បានរថយន្តអគ្គិសនីមួយគ្រឿងប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់បានបច្ចេកវិទ្យាទំនើប ចង់បានរថយន្តដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងចង់បានទំនុកចិត្តថាវាអាចប្រើប្រាស់បានយូរអង្វែង។ នេះហើយជាមូលហេតុដែលយើងជ្រើសរើសពេលវេលានេះដើម្បីដាក់សម្ពោធម៉ូដែល ELEXIO»។
រថយន្ត ELEXIO ផ្តល់ជូនអតិថិជននូវសមត្ថភាពបើកបរបានចម្ងាយឆ្ងាយ ការរចនាបែបទំនើប និងមុខងារឆ្លាតវៃជាច្រើន រួមទាំងមុខងារ Vehicle-to-Load (V2L) ដែលអនុញ្ញាតឱ្យរថយន្តអាចផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ឧបករណ៍ផ្សេងៗទៀតបាន។ លក្ខណៈពិសេសទាំងអស់នេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ សាកសមទៅនឹងស្ថានភាពផ្លូវនៅកម្ពុជា និងតម្រូវការជាក់ស្តែងរបស់អតិថិជន។ ក្រុមហ៊ុន Hyundai Cambodia មានជំនឿយ៉ាងមុតមាំថា ELEXIO នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។
ចំណែកឯ លោក សេង វណ្ណារិទ្ធ ជាប្រធានផ្នែកលក់ នៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានឱ្យដឹងថា Hyundai ELEXIO មិនមែនគ្រាន់តែជារថយន្តអគ្គិសនីថ្មីប៉ុណ្ណោះទេ ELEXIOតំណាងឱ្យការបោះជំហានថ្មីមួយទៀតរបស់Hyundai Cambodiaក្នុងការនាំយកបច្ចេកវិទ្យាថ្មី ការរចនាថ្មី និងបទពិសោធន៍ថ្មីនៃការបើកបររថយន្តអគ្គិសនី សម្រាប់អតិថិជនកម្ពុជា។
ក្នុងឱកាសដ៏ពិសេសនេះ ភ្ញៀវកិត្តិយសទាំងអស់ត្រូវបានអញ្ជើញឱ្យមកស្គាល់ Hyundai ELEXIO ឱ្យកាន់តែច្បាស់ ដេីម្បីស្វែងយល់ពីសមត្ថភាព លក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាថ្មីៗរបស់រថយន្ត ព្រមទាំងទទួលយកបទពិសោធន៍បើកបរសាកល្បងដោយផ្ទាល់។
លោក សេង វណ្ណារិទ្ធ បានក្តីសង្ឃឹមយ៉ាងមុតមាំថា Hyundai ELEXIO នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តអគ្គិសនី ដែលរួមបញ្ចូលគ្នារវាងភាពទាន់សម័យ ភាពទំនើប បច្ចេកវិទ្យាខ្ពស់ ភាពងាយស្រួល ផាសុកភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ ទាំងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងដំណើរកម្សាន្ត។ វត្តមានរបស់ ELEXIO នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ស្របតាមនិន្នាការសកល។
រីឯ លោក ហេង បញ្ញា ជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ មានបទពិសោធន៍រយៈពេល ៣៥ឆ្នាំ ក្នុងការបង្កើតរថយន្តអគ្គិសនី។ ស្របពេលនេះ Hyundai ELEXIO ត្រូវបានណែនាំមកកាន់ទីផ្សារកម្ពុជាដោយផ្សារភ្ជាប់ជាមួយគោលបំណងច្បាស់លាស់ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើស EV ដែលប្រកបដោយទំនុកចិត្ត បច្ចេកវិទ្យាទំនើប រចនាបថទាន់សម័យ និងមុខងារដែលឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅសម័យថ្មី។
ប្រធានផ្នែកទីផ្សាររូបនេះ បានបញ្ជាក់ថា ចំណុចសំខាន់របស់ ELEXI O គឺការរួមបញ្ចូលគ្នារវាង Smart Technology.Modern Design និង Electric Performance នៅក្នុងរថយន្ត SUV មួយដែលត្រូវបាន បង្កើតឡើងសម្រាប់ជីវិតប្រចាំថ្ងៃ។ Hyundai Cambodia មិនត្រឹមតែផ្តល់រូបភាព ELEXI O តាមរយៈការផ្សព្វផ្សាយនោះទេ យើងបាននាំមកនូវឱកាសពិសេសសម្រាប់អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាបានឃើញ បានស្គាល់ បាន សាកសួរ និងបានបើកបរសាកល្បងដោយផ្ទាល់៕











