* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

TikTok ព្រមកំណត់ពេលប្រើប្រាស់របស់យុវជននៅ Alabama ក្រោយព្រមព្រៀងបង់ប្រាក់យ៉ាងតិច ១០០លានដុល្លារ

28-09-2026 09:40

(បរទេស)៖ TikTok និងក្រុមហ៊ុនមេ ByteDance បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋ Alabama សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ថា វេទិកានេះបានបង្កគ្រោះថ្នាក់ដល់កុមារ និងបានបំភាន់អ្នកប្រើប្រាស់អំពីសុវត្ថិភាពរបស់ខ្លួន។ តាមកិច្ចព្រមព្រៀង TikTok ត្រូវដាក់កម្រិតថ្មីសម្រាប់យុវជន ដោយកំណត់ការប្រើប្រាស់ត្រឹម ២ម៉ោងក្នុងមួយថ្ងៃ មានការផ្អាកបន្ទាប់ពីប្រើប្រាស់ ១៥នាទី និងពង្រឹងការផ្ទៀងផ្ទាត់អាយុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

TikTok នឹងបង់ប្រាក់យ៉ាងតិច ១០០លានដុល្លារ ទៅឱ្យរដ្ឋ Alabama ប៉ុន្តែចំនួននេះអាចកើនដល់ ៣០០លានដុល្លារ ប្រសិនបើអគ្គព្រះរាជអាជ្ញារដ្ឋចំនួន ៤០ ផ្សេងទៀត ចូលរួមចុះកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ TikTok ក្នុងរយៈពេលកំណត់។ នេះជាកិច្ចព្រមព្រៀងដោះស្រាយវិវាទជាមួយរដ្ឋលើកដំបូងរបស់ TikTok ក្នុងសំណុំរឿងពាក់ព័ន្ធនឹងផលប៉ះពាល់របស់បណ្តាញសង្គមលើយុវជន។

អ្នកនាំពាក្យ TikTok នៅអាមេរិកបាននិយាយថា៖ «នេះបន្តពង្រឹងការប្តេជ្ញាចិត្ត និងគោលដៅស្នូលរបស់យើង ក្នុងការបង្កើនប្រសិទ្ធភាពឧបករណ៍សុវត្ថិភាពរបស់យើងជាបន្តបន្ទាប់ ដើម្បីការពារយុវជន»។ ចំណែកអគ្គព្រះរាជអាជ្ញា Alabama លោក Steve Marshall បាននិយាយថា៖ «នេះជាថ្ងៃដ៏ល្អសម្រាប់ឪពុកម្តាយនៅ Alabama»។

គួរជម្រាបថា រដ្ឋ Alabama បានចោទថា ការបង្ហាញវីដេអូជាបន្តបន្ទាប់របស់ TikTok អាចធ្វើឱ្យអ្នកប្រើប្រាស់ញៀន ហើយក្បួនដោះស្រាយរបស់វេទិកាអាចជំរុញយុវជនទៅរកមាតិកាពាក់ព័ន្ធនឹងអំពើហិង្សា និងការធ្វើបាបខ្លួនឯង។ រដ្ឋក៏បានចោទ TikTok ថា បំភាន់អ្នកប្រើប្រាស់អំពីវិធានការកំណត់មាតិកាសម្រាប់យុវជន និងការចូលប្រើទិន្នន័យអ្នកប្រើប្រាស់អាមេរិករបស់រដ្ឋាភិបាលចិន។ តែយ៉ាងណា TikTok បានបដិសេធការចោទប្រកាន់ និងអះអាងថា សុវត្ថិភាពយុវជនគឺជាអាទិភាពសំខាន់របស់ខ្លួន៕