* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

ភ្នំពេញក្រោន បន្ដគ្រងជើងឯកលីគនារី ៤សម័យជាប់គ្នា និងឱកាសលេងពានរង្វាន់អន្ដរជាតិ

28-09-2026 10:41

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានបន្ដគ្រងជើងឯកលីគនារីកម្ពុជា (Cambodian Women’s League) ឆ្នាំ២០២៦ ក្រោយទទួលបានជ័យជម្នះដ៏ត្រចះត្រចង់លើគូប្រជែងវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ នេះជាលើកទី៤ ហើយ ដែលក្រុមនារីភ្នំពេញក្រោន បានគ្រងជើងឯកជាប់ៗគ្នា។

ក្នុងជំនួបកាត់សេចក្ដីដែលមានការអញ្ជើញចូលរួមទស្សនា និងផ្ដល់ពានរង្វាន់ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក តែវិសាខា ដែលប្រើប្រាស់កីឡាការិនីខ្មែរសុទ្ធមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមអ្នកគ្រូ ម៉ៅ សាវីន បានឡើយ ទោះបីមានឱកាសស៊ុតក្ដី។

ចំណែកក្រុមភ្នំពេញក្រោន ក្រៅពីការពារយ៉ាងរឹងមាំ ក៏មានប្រព័ន្ធប្រយុទ្ធដ៏មុតស្រួចរហូតរកបាន ២គ្រាប់នៅវគ្គទី១ ដោយកីឡាការិនី វឿន សុថាន និង សឿន វិផា មុនខ្សែការពារវិសាខា ភ្លាត់ទាត់ចូលទីខ្លួនឯង (Own Goal) ១គ្រាប់ទៀតនៅនាទី៧៦ ដែលជួយឲ្យក្រុមនារីសិង្ហក្រហម ទទួលបានជ័យជម្នះ ៣-០ ដើម្បីគ្រងតំណែងជើងឯក ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ពេញ ១រដូវកាលតែម្ដង។

បន្ថែមលើការគ្រងតំណែងជើងឯក ៤សម័យជាប់គ្នា ក្រុមនារីភ្នំពេញក្រោន ក៏នឹងទទួលបានកៅអីតំណាងកម្ពុជាជាថ្មី ដើម្បីចូលរួមការប្រកួតពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Champions League វគ្គជម្រុះ នារដូវកាលក្រោយផងដែរ។ រីឯក្រុមនារីវិសាខា បានត្រឹមជើងឯករង ៣សម័យជាប់គ្នា គ្រាដែលលេខ៣ បានទៅក្រុមសៀមរាបអេហ្វស៊ី បន្ទាប់ពីយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទី ៣-២ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ៣-៣៕