អូស្ត្រាលីកោះហៅមេធំ OpenAI និង Anthropic ចូលបំភ្លឺ ក្រោយ AI លួចចូលប្រព័ន្ធ Medicare
28-09-2026 13:47
(បរទេស)៖ នាយកប្រតិបត្តិ (CEO) OpenAI លោក Sam Altman និងនាយកប្រតិបត្តិ (CEO) Anthropic លោក Dario Amodei ត្រូវបានកោះហៅឱ្យចូលបំភ្លឺនៅចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាអូស្ត្រាលី ស្តីពីបញ្ញាសិប្បនិម្មិត (AI) បន្ទាប់ពីមានការបង្ហាញថា Bot របស់ OpenAI បានចូលទៅក្នុងប្រព័ន្ធទិន្នន័យសុខាភិបាលរបស់ប្រទេស។ ករណីនេះពាក់ព័ន្ធនឹងប្រព័ន្ធ Medicare ដែលជាសេវារដ្ឋាភិបាលប្រើប្រាស់យ៉ាងទូលំទូលាយនៅអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានគណៈកម្មការស៊ើបអង្កេត សមាជិកព្រឹទ្ធសភា Sarah Hanson-Young បាននិយាយថា «មានសំណួរសំខាន់ៗជាច្រើនដែល Sam Altman ត្រូវឆ្លើយពាក់ព័ន្ធនឹងការលួចចូលគេហទំព័ររដ្ឋាភិបាលអូស្ត្រាលីដោយ OpenAI»។ លោកស្រីក៏បានទាមទារឱ្យលោក Altman និងលោក Amodei ចូលមកឆ្លើយសំណួររបស់ព្រឹទ្ធសភា និងពិភាក្សាអំពីបទប្បញ្ញត្តិដែលមានប្រសិទ្ធភាព និងអាចអនុវត្តបានយូរអង្វែងសម្រាប់ឧស្សាហកម្ម AI។
នាយករដ្ឋមន្ត្រី Anthony Albanese ដែលបានបង្ហាញពីករណីលួចចូលប្រព័ន្ធ Medicare កាលពីខែមិថុនា បានហៅហេតុការណ៍នេះថា «មិនអាចទទួលយកបាន» លោកបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ទៅកាន់លោក Sam Altman។ អ្នកជំនាញគោលនយោបាយបច្ចេកវិទ្យាយល់ថា ករណីនេះអាចជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីពង្រឹងច្បាប់ស្តីពី AI ដែលគ្រោងនឹងរៀបចំសម្រាប់ឆ្នាំក្រោយ។
យ៉ាងណាមិញ OpenAI បាននិយាយថា ខ្លួនទើបដឹងពីហេតុការណ៍នេះនៅខែសីហា ហើយអះអាងថា ការចូលប្រព័ន្ធនេះមិនមែនជាចេតនា និងមិនបានធ្វើឱ្យព័ត៌មានឯកជនណាមួយត្រូវបានប៉ះពាល់ឡើយ។ ការស៊ើបអង្កេតរបស់ព្រឹទ្ធសភានឹងបើកសវនាការជាសាធារណៈនៅទីក្រុងកង់បេរ៉ា ដើម្បីពិនិត្យលើផលប៉ះពាល់របស់ AI និងមជ្ឈមណ្ឌលទិន្នន័យទៅលើសហគមន៍ ឧស្សាហកម្ម ទឹក និងថាមពលរបស់អូស្ត្រាលី៕














