* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

រាជនីក្រមា មាន សូនីតា គ្រងមកុដ «Universal Woman Cambodia 2026» តំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ

28-09-2026 16:58

(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានរកឃើញ «Universal Woman Cambodia 2026» តំណាងឲ្យជាតិរបស់ខ្លួនហើយ គឺបានទៅលើតារាសម្ដែងមានរហស្សនាមថា «រាជនីក្រមាន» គឺកញ្ញា មាន សូនីតា ដោយបានធ្វើពិធីបំពាក់មកុដ បំពាក់ឈាង និងបង្ហាញជាសាធារណៈ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមការចូលរួមអបអរសាទរ ពីសំណាក់ថ្នាក់ដឹកនាំរៀបចំកម្មវិធី អ្នកសិល្បៈ ក្រុមការងារ និងដៃគូសហការជ្រោមជ្រែងយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងពិធីបំពាក់ឈាង និងមកុដជាផ្លូវការ តារាសម្ដែងមានរូបសម្រស់ល្អគន់ មាន សូនីតា បានឲ្យដឹងថា វិស័យសម្ដែង និងវិស័យបវរកញ្ញា គឺខុសគ្នាឆ្ងាយ ទោះបីជានាងធ្លាប់ប្រឡូកប្រឡង កាលពីជាង១៥ ឆ្នាំមុនពិតមែន ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ន គឺមានភាពខុសប្លែកគ្នាឆ្ងាយណាស់ ព្រោះតែសមត្ថភាពរបស់បវរកញ្ញាក្មេងៗជំនាន់ក្រោយនេះ គឺនាងទទួលស្គាល់ថា ខ្លាំង។ ដូច្នេះនាងត្រូវរៀនសូត្រឡើងវិញ គ្រប់បែបយ៉ាង ក្នុងស្មារតីយកចិត្តទុកដាក់បំផុត ដើម្បីសម្រេចក្ដីសង្ឃឹម ពេលទៅកាន់លើឆាកអន្តរជាតិ ព្រោះខ្លួនត្រូវតំណាងឲ្យកិត្តិយសប្រទេស និងនាំយកនូវវប្បធម៌របស់ខ្មែរ ទៅកាន់ពិភពលោកឲ្យបានស្គាល់។

មាន សូនីតា និយាយថា «ពេលមកុដត្រូវបានបំពាក់នឹងឈាងកម្ពុជា ត្រូវបានពាក់លើស្មារបស់នាងខ្ញុំ មិនមែនជាកិត្តិយសសម្រាប់ខ្លួនឯងតែប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវដ៏ធំមួយសម្រាប់ ប្រទេសកម្ពុជា «ស្ត្រីកម្ពុជាដ៏មានក្តីសុបិន» ឈរដោយភាពថ្លៃថ្នូរ ក្លាហាន និងជឿជាក់លើខ្លួនឯង មកុដមួយនេះជានិមិត្តរូបនៃក្តីសុបិន។ ឈាងមួយនេះ ជានិមិត្តរូបនៃកិត្តិយសរបស់ប្រទេសកម្ពុជា​ ហើយដំណើរមួយនេះ នឹងនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត»។

រាជីក្រមារូបនេះបន្តដោយភាពក្លាហាន និងជឿជាក់ថា «មួយជំហានសម្រាប់ទៅកាន់ទំព័ថ្មី អបអរសាទរខ្លួនឯង ចំពោះគ្រប់ការខិតខំ និងក្តីស្រមៃដែលបាននាំខ្ញុំ មកដល់ពេលវេលាដ៏មានន័យនេះ។ ពេលវេលាដ៏មានតម្លៃ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនោះទេ ប៉ុន្តែជាការរំឭកថា ភាពជឿជាក់ ប្រាជ្ញា និងគោលបំណង ភាពស្វាហាប់ ការតាំងចិត្ត ក្នុងការសម្រេចគោលដៅរបស់ស្រ្តីគ្រប់រូប ដើម្បីបំពេញក្ដីស្រមៃខ្លួនឯង ការចែករំលែកនូវបទពិសោធន៍ ភាពក្លាហាន ខ្ញុំធ្វើបាន អ្នកក៏ធ្វើបាន ដែលមានតម្លៃបំផុត។ ខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អបំផុតសម្រាប់ដំណើរថ្មីនេះ..!»។

តារាសម្ដែង មាន សូនីតា បានរំលេចថា សម្រាប់នៅលើឆាកអន្តរជាតិ គឺនាងនឹងមានអ្វីដែលថ្មីយកទៅបង្ហាញឲ្យពិភពលោកបានដឹង ហើយពុំដែលមានពីមុនមកនោះទេ។ នាងស្រឡាញ់វប្បធម៌ និងអរិយធម៌ខ្មែរ ហើយវត្តមានរបស់នាងលើឆាកអន្តរជាតិលើកនេះ គឺពិតជាប្លែក និងចង់ឲ្យមហាជនដែលគាំទ្ររង់ចាំមើលទាំងអស់គ្នា ព្រោះនាងបានត្រៀមខ្លួនរួចរាល់ហើយ។ មាន សូនីតា សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានស្រលាញ់ និង​គាំទ្ររូបនាងតំណាងឲ្យស្រ្តីមួយរូបក្នុងការប្រកួត «The Universal woman Cambodia»។

ដោយឡែកអ្នកនាង ប្រសាទ ដាវីន ជាអ្នកគ្រប់គ្រងកម្មវិធីបានថ្លែងថា បេក្ខភាពរបស់កញ្ញា មាន សូនីតា ពិតជាស័ក្ដិសមមែនទែន ព្រោះគាត់បានលាក់សមត្ថភាពបែបនេះយូរមកហើយ ជាពិសេសគឺមានអ្នកគាំទ្រច្រើនរង់ចាំមើលថា ថ្ងៃនេះមានពិត ឬមិនពិត។ អ្នកគាំទ្រទាំងអស់នឹងរង់មើលថា មាន សូនីតា នឹងនាំជ័យលាភីមួយមកកាន់ប្រទេសជាតិរបស់យើង ជាក់ជាមិនខាន៕