សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
28-09-2026 17:19
(ភ្នំពេញ)៖ ទោះមិនមានឈាមជ័រជាខ្មែរ ប៉ុន្តែសិល្បករអន្តរជាតិ ដែលមានកំណើតវៀតណាមលោក Danhôo បានសម្រេចដាក់ដេញថ្លៃគំនូរសិល្បៈជាច្រើនផ្ទាំង របស់លោកក្នុងស្រុកខ្មែរ ក្នុងគោលបំណងដើម្បីជួយដល់កុមារកម្ពុជា។
លោក Danhôo មានឈ្មោះពិតហៅថា PHUONG Hieu Dan គឺជាសិល្បករសហសម័យជនជាតិបារាំង និងមានដូនតាជាជនជាតិចិន។ ស្នាដៃដ៏ល្បីល្បាញរបស់លោកគឺជាការរួមផ្សំរវាងអក្សររូបសញ្ញា (Ideograms (សិល្បៈអក្សរផ្ចង់បូព៌ា ចិនបុរាណ) និងសិល្បៈអរូបី (Abstract Expressionism គំនូរអរូបីបែបលោកខាងលិច)។
ស្នាដៃជាច្រើនរបស់វិចិត្រកររូបនេះបានទទួលស្គាល់លើឆាកអន្តរជាតិនិងត្រូវបានដាក់បង្ហាញនៅ សហរដ្ឋអាមេរិក បារាំង ចិន លុចសំបួរ ហុងកុង និងតាមបណ្ដាប្រទេសជាច្រើនទៀតផងដែរ។ វិចិត្រករល្បីឈ្មោះរូបនេះ នឹងបង្ហាញវត្តមានដោយផ្ទាល់នៅសណ្ឋាគារ Soma Hotel Riverside ទីក្រុងភ្នំពេញ នាថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ ជាមួយរូបគំនូរសិល្បៈល្បីៗជាច្រើនផ្ទាំង របស់លោក អមដោយការសម្ដែងគូរនូវគំនូរដើម្បីដាក់ដេញថ្លៃដោយផ្ទាល់ផងដែរ។
គួរជម្រាបផងដែរ រាល់គំនូរដែលលោកបាននាំយកមកដាក់បង្ហាញក្នុងពិព័រណ៍សប្បុរសធម៌នៅ Soma Hotel Riverside នឹងធ្វើការដេញថ្លៃ ហើយថវិកាដែលប្រមូលបានក្នុងចំនួន ៧០ ភាគរយនឹងបរិច្ចាគជូនដល់ Soma Initiative សម្រាប់ឆ្នាំ ២០២៧ ដើម្បីជួយដល់កុមារក្នុងប្រទេសកម្ពុជា ដែលនេះគឺជាគោលដៅចម្បងរបស់ Danhôo ក្នុងការធ្វើកម្មវិធីមនុស្សធម៌តាមរយៈសិល្បៈគំនូររបស់លោក។
តាមរយៈកម្មវិធី Soma Initiative លោក Danhôo សង្ឃឹមយ៉ាងមុតមាំថានឹងអាចជួយជាចំណែកទៅដល់កុមារតូចៗ ជាពិសេសកុមារតាមព្រំដែនដែលកំពុងជួបការលំបាកក្រោយប្រទះភ្លើងសង្គ្រាមទន្ទ្រានទឹកដីពីសំណាក់កងទ័ពសៀម។ ព្រឹត្តិការណ៍នេះគឺជាកិច្ចសហការរវាងក្រុមហ៊ុន Soma Group និងលោក Danhôo ក្នុងគោលបំណងរួមតែមួយគឺជួយជ្រោមជ្រែងដល់សង្គម។
សម្រាប់ការដាក់បង្ហាញនិងដេញថ្លៃស្នាដៃគំនូរល្បីៗរបស់ Mr Danhôo រួមមាន ៖
ការដេញថ្លៃស្នាដៃឯក (Live Masterpiece) ៖ ដូចដែលបានជម្រាប លោកនឹងគូរដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ ដោយចាប់ផ្ដើមតម្លៃដេញថ្លៃត្រឹម ៣,០០០ពាន់ដុល្លារ។ ស្នាដៃគំនូរដេញថ្លៃពិសេស ៖ ផ្ទាំងគំនូរទី២ នឹងត្រូវដាក់ដេញថ្លៃ ដោយចាប់ពីផ្ដើមពីតម្លៃ ១,៥០០ដុល្លារ។
ការលក់ក្នុងតម្លៃថេរ ៖ ផ្ទាំងគំនូរតូចៗចំនួន ២២ ផ្ទាំងផ្សេងទៀត នឹងត្រូវដាក់លក់ក្នុងតម្លៃ ៣០០ ដុល្លារ ក្នុង ១ ផ្ទាំង។
ស្នាដៃគំនូរបង្ហាញក្នុងសណ្ឋាគារ ចំនួន ២៤ ផ្ទាំងដែលកំពុងដាក់តាំងនៅលើជញ្ជាំងសណ្ឋាគារ Soma Hotel Riverside ក៏នឹងត្រូវដាក់លក់ជូនសាធារណជនផងដែរ ដោយលោកអ្នកអាចទទួលបានស្នាដៃទាំងនោះបន្ទាប់ពីបញ្ចប់អំឡុងពេលពិព័រណ៍។ ការដាក់តម្លៃដេញថ្លៃផ្ទាំងគំនូររបស់សិល្បករអន្តរជាតិរូបនេះត្រូវបានកែសម្រួលយ៉ាងពិសេសសម្រាប់ទីផ្សារកម្ពុជា ខណៈដែលស្នាដៃរបស់លោក Danhôo ដែលធ្លាប់ដាក់ដេញថ្លៃនៅអឺរ៉ុប និងអាស៊ី មានតម្លៃចាប់ពី ១ម៉ឺនដុល្លារឡើងទៅ។
ក្រោយពិព័រណ៍ថ្ងៃទី ២៨ កញ្ញា នាថ្ងៃទី ២៩ ៣០ កញ្ញា ២០២៦ លោក Danhôo នឹងជួបសំណេះសំណាលជាមួយយុវជនកម្ពុជានៅ សណ្ឋាគារ Soma Hotel Riverside ដើម្បីចែករំលែកបទពិសោធន៍ និងបើកឱកាសឱ្យយុវជនបានចូលរួមពិភាក្សាសាធារណជាមួយរូបលោក។
សូមបញ្ជាក់ថា Soma Initiative (CRS Program)ជាកម្មវិធីទំនួលខុសត្រូវសង្គម និងការបង្កើតគុណតម្លៃរួមរបស់ក្រុមហ៊ុន Soma Group បង្កើតឡើងក្នុងថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ គិតមកទល់ពេលបច្ចុប្បន្នមានរយៈពេល ៦ ឆ្នាំ ក្រោមការដឹកនាំរបស់លោកជំទាវ ចម ក្រស្នា ។
កម្មវិធីនេះឈរលើសសរស្ដម្ភចំនួន៣រួមមាន៖ សុខភាព ការអប់រំ និងបរិស្ថាន។ សម្រាប់ផែនការយុទ្ធសាស្ត្រគម្រោង Soma Initiative (២០២៦-២០២៧) Soma Initiative បានបែងចែកថវិកាកម្រិតអប្បបរមាចំនួន ២៨១,៤០០ ដុល្លារ លើវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា ៖
(១) ការអប់រំ (១០៤,០០០ ដុល្លារ) ៖ បំពាក់កំព្យូទ័រចំនួន ៥០០ គ្រឿង និង Smart TV ដល់វិទ្យាល័យចំនួន ២០ ខ្នងសម្រាប់សិស្សានុសិស្សចំនួន ១៧,០០០ នាក់។
(២) បរិស្ថាន (៧០,០០០ ដុល្លារ) ៖ ផ្ដល់ទឹកស្អាត ១២០,០០០ លីត្រក្នុង១ថ្ងៃ ដល់ប្រជាជន ២៥,០០០ នាក់ ក្នុង ១០ សហគមន៍ តាមរយៈម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្រនិងប្រព័ន្ធចម្រោះទឹក។
(៣) ជីវភាពរស់នៅ (១០៧,៤០០ ដុល្លារ) ៖ ផ្ដល់ឧបករណ៍ វគ្គបណ្ដុះបណ្ដាល និងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ ក្នុងតម្លៃ ៥០០ដុល្លារ ដល់ ២០០ គ្រួសារ ដែលដឹកនាំដោយស្ត្រីដើម្បីផ្ដល់ជាប្រយោជន៍ដល់សមាជិកគ្រួសារសរុប ១,០០០ នាក់។
ចំណែកឯ SOMA GROUP CO., LTD. គឺជាក្រុមហ៊ុនសម្ព័ន្ធក្នុងស្រុកឈានមុខគេមួយនៅកម្ពុជា ដែលធ្វើអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ បដិសណ្ឋារកិច្ច និងអចលនទ្រព្យ ក្នុងខេត្ត-ក្រុង ចំនួន ៩ រាប់បញ្ជូលទាំងសណ្ឋាគារ Soma Hotel Riverside និងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ៕








