SpaceX ត្រៀមបាញ់ Starship ចូលគន្លងជាលើកដំបូង ខណៈមានផែនការបញ្ជូន AI ទៅអវកាស
29-09-2026 07:58
(បរទេស)៖ ក្រុមហ៊ុន SpaceX គ្រោងបាញ់រ៉ុក្កែតយក្ស Starship នៅថ្ងៃចន្ទនេះ ក្នុងការហោះហើរសាកល្បងលើកទី១៤ ដោយមានគោលដៅនាំយានអវកាសនេះចូលទៅក្នុងគន្លងផែនដីជាលើកដំបូង។ ការបាញ់បង្ហោះនឹងធ្វើឡើងពីមូលដ្ឋាន Starbase រដ្ឋ Texas ហើយក៏គ្រោងដាក់ផ្កាយរណប Starlink V3 ចំនួន២៦គ្រឿង ទៅក្នុងគន្លងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
Starship មានសារៈសំខាន់ចំពោះផែនការពង្រីក Starlink របស់ SpaceX ដែលបច្ចុប្បន្នមានផ្កាយរណបសកម្មប្រហែល ១១,០០០គ្រឿង នៅក្នុងគន្លងផែនដី។ លោក Elon Musk បាននិយាយថា «វាមិនមែនជារឿងដែលមិនអាចកើតឡើងទេ ដែលនៅពេលណាមួយ Starlink អាចផ្តល់សេវាអ៊ីនធឺណិតភាគច្រើនរបស់ពិភពលោក យ៉ាងហោចណាស់នៅប្រទេសដែលយើងត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការ»។
ការហោះហើរលើកទី១៤នេះ គឺជាជំហានសំខាន់មួយសម្រាប់ Starship ដែលត្រូវបានរចនាឡើងឱ្យអាចប្រើឡើងវិញបាន និងដឹកទំនិញច្រើនទៅកាន់អវកាសដោយចំណាយទាបជាងមុន។ SpaceX ក៏កំពុងរៀបចំ Starship សម្រាប់ការហោះហើរសាកល្បងជាមួយ NASA នៅឆ្នាំក្រោយ ដោយមានគោលដៅប្រើរ៉ុក្កែតនេះ ដើម្បីនាំអវកាសយានិកអាមេរិកត្រឡប់ទៅលើផ្ទៃព្រះចន្ទវិញ។
ក្រៅពីនេះ ប្រធានប្រតិបត្តិការ SpaceX លោកស្រី Gwynne Shotwell បានបង្ហើបថា ក្រុមហ៊ុនមានគម្រោងប្រើ Starship ដើម្បីដាក់ «supercompute in space» ឬប្រព័ន្ធគណនាដ៏មានសមត្ថភាពខ្ពស់នៅក្នុងអវកាស តាមរយៈការបញ្ជូនផ្កាយរណបសម្រាប់គណនា AI ទៅកាន់គន្លងនៅឆ្នាំ២០២៧។ ផ្កាយរណប Starlink V3 ជំនាន់ថ្មីក៏ត្រូវបានរចនាឡើងឱ្យមានសមត្ថភាពខ្ពស់ជាងមុន និងអាចបញ្ជូនទិន្នន័យបានលឿនជាងជំនាន់ចាស់ផងដែរ៕










