FIFA ASEAN Cup៖ តើគោព្រៃកម្ពុជា អាចបើកទំព័រប្រវត្តិសាស្ដ្រឡើងវគ្គផ្ដាច់ព្រ័ត្រពានអន្ដរជាតិបានទេ ប៉ះទីម័រល្ងាចនេះ?
30-09-2026 09:30
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត នៅល្ងាចថ្ងៃទី៣០ ខែកញ្ញានេះ នាវេលាម៉ោង ៤ល្ងាច (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Kai Tak Sports Park លើទឹកដីហុងកុង ក្នុងជំនួបបញ្ចប់ពូល B នៃពានរង្វាន់ FIFA Asean Cup 2026 (Division 2)។
នេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីឈានទៅរកការបើកទំព័រប្រវត្តិសាស្ដ្រថ្មីរបស់កម្ពុជា ក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង។ ចាំមើលតើក្រុមជម្រើសជាតិកម្ពុជា អាចក្ដោបឱកាសមាសនេះបានដែរឬទេ ដ្បិតត្រូវការស្មើទីម័រប៉ុណ្ណោះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់រៀបចំ និងទទួលស្គាល់ដោយ FIFA ខាងលើ?
ជុំវិញការប្រកួតបញ្ចប់ពូល B នេះ ជាឱកាសពិសេស ដោយកម្ពុជាមានប្រៀប និងឱកាសខ្ពស់ជាងគេ ដោយកម្ពុជា កំពុងឈរកំពូលតារាង និងមាន ៣ពិន្ទុ បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ា ១-០ ហើយមីយ៉ាន់ម៉ា ឈរលេខ២ មាន ៣ពិន្ទុដូចគ្នា បន្ទាប់ពីយកឈ្នះទីម័រខាងកើត ២-០ នៅថ្ងៃបើកឆាក។ ដូច្នេះបើស្មើ ឬឈ្នះក្នុងជំនួបល្ងាចនេះ កម្ពុជានឹងត្រូវឡើងវគ្គបន្ដ។
ប៉ុន្ដែប្រសិនបើកម្ពុជា ភ្លាត់រងបរាជ័យវិញ ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រខាងលើ នឹងត្រូវបាត់បង់ភ្លាម ហើយអាចធ្លាក់នៅកណ្ដាប់ដៃក្រុមមីយ៉ាន់ម៉ា ឬទីម័រខាងកើត អាស្រ័យលើលទ្ធផលជាក់ស្ដែង ដោយយោងទៅតាមលក្ខខណ្ឌនៃការប្រកួត។ យ៉ាងណាក្ដីអ្នកគាំទ្របានដាក់ក្ដីរំពឹងខ្ពស់ ក្នុងការដណ្ដើមពិន្ទុពីទីម័រខាងកើត ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្រុម។
ជាមួយគ្នាលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថា ការជួបទីម័រ មិនមែនជារឿងងាយស្រួលឡើយ តែជាការប្រកួតដ៏លំបាក ព្រោះទីម័រជាក្រុមលឿន និងប្រើបច្ចេកទេសលេងល្អ តែយ៉ាងណាលោកនឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព។ លើសពីនេះ កីឡាករ សារ៉េត គ្រីយ៉ា និង Andres Neito ក៏បានតាំងចិត្តយ៉ាងមុតមាំ ធ្វើឲ្យបានល្អដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។
សូមរំឮកថា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ត្រូវបានបង្កើតនៅឆ្នាំ១៩៥៦ រហូតមកដល់ពេលនេះ គឺពុំធ្លាប់មានប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិឡើយ រាប់ចាប់ពីការប្រកួតពានរង្វាន់ថ្នាក់តំបន់ ទ្វីប និងពិភពលោក ហើយកំណត់ត្រាល្អបំផុតរបស់កម្ពុជា គឺការជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួត AFC Asian Cup 1972។ ដូច្នេះក្រោយជំនួបទល់ទីម័រល្ងាចនេះ អ្នកគាំទ្រសង្ឃឹមថា ក្រុមគោព្រៃកម្ពុជា នឹងអាចបំបែករបាំងរយៈពេល ៧០ឆ្នាំនេះ។
ក្រឡេកទៅមើលប្រវត្តិជួបគ្នា រវាងកម្ពុជា និងទីម័រខាងកើត ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ដោយរាប់ចាប់ពីឆ្នាំ២០០៦ ដល់ខែសីហា ឆ្នាំ២០២៦ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាចំនួន ១១លើក ហើយកម្ពុជា ធ្លាប់ឈ្នះ ៨លលើក ស្មើ ២លើក និងចាញ់តែ ១លើកប៉ុណ្ណោះ គ្រាដែលជួបគ្នាលើកចុងក្រោយ កម្ពុជា បានយកឈ្នះទីម័រខាងកើត ៣-០ ក្នុងពានរង្វាន់អាស៊ីអាគ្នេយ៍ កាលពីដើមខែសីហា ឆ្នាំ២០២៦ ថ្មីៗ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕









