Meta ពង្រីកកម្មវិធី Instagram ជាមួយសាលារៀន ខណៈរងការរិះគន់កាន់តែខ្លាំងពីសុវត្ថិភាពយុវវ័យ
30-09-2026 10:15
(បរទេស)៖ ក្រុមហ៊ុន Meta បានប្រកាសពង្រីកកម្មវិធីភាពជាដៃគូរបស់ Instagram ជាមួយសាលារៀននៅសហរដ្ឋអាមេរិក ដោយបន្ថែមមុខងារថ្មីៗសម្រាប់សាលារៀន និងសិស្ស ក្នុងគោលបំណងពង្រឹងការទំនាក់ទំនងក្នុងសហគមន៍សាលា និងការការពារយុវវ័យនៅលើអ៊ីនធឺណិត។ មកដល់ពេលនេះ សាលារៀនជិត ១៧,០០០ សាលា បានចូលរួមក្នុងកម្មវិធីនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
សិស្សដែលបានផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសិក្សានៅសាលាដែលចូលរួមកម្មវិធីនោះ នឹងអាចប្រើមុខងារថ្មីៗនៅលើ Instagram ដូចជា មើលព័ត៌មានអំពីក្លឹប និងក្រុមកីឡារបស់សាលា មើល Stories របស់សាលា និងទទួលសេចក្តីជូនដំណឹងផ្សេងៗពីសាលា។ Meta ក៏នឹងបង្កើតមជ្ឈមណ្ឌលកណ្តាលសម្រាប់គណនីដែលពាក់ព័ន្ធនឹងសាលារៀន ព្រមទាំងដាក់ឱ្យប្រើ Channels និង Notes សម្រាប់សាលាដែលបានផ្ទៀងផ្ទាត់ ដើម្បីទំនាក់ទំនងជាមួយសិស្ស អាណាព្យាបាល និងសហគមន៍សាលា។
ការផ្លាស់ប្តូរនេះកើតឡើង ខណៈ Meta កំពុងប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងជុំវិញផលប៉ះពាល់នៃ Facebook និង Instagram ទៅលើយុវជន។ កាលពីខែសីហា ក្រុមហ៊ុនបានព្រមព្រៀងចំណាយប្រាក់ រហូតដល់ ១៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ និងដាក់កំហិតតឹងរ៉ឹងលើការប្រើប្រាស់ Facebook និង Instagram របស់យុវវ័យ ដើម្បីដោះស្រាយបណ្តឹងដែលចោទថា ក្រុមហ៊ុនបានរចនាវេទិការបស់ខ្លួនក្នុងគោលបំណងធ្វើឱ្យកុមារញៀន។
យ៉ាងណាមិញ Meta បានបញ្ជាក់ថា ការពង្រីកកម្មវិធីនេះនឹងផ្តល់ឱ្យសាលារៀននូវឧបករណ៍កាន់តែច្រើនសម្រាប់ទំនាក់ទំនងជាមួយសិស្ស និងអាណាព្យាបាល ខណៈសិស្សដែលចូលរួមអាចទទួលបានព័ត៌មាន និងសកម្មភាពរបស់សាលាតាមរយៈ Instagram ក្នុងកន្លែងតែមួយ៕











