ក្រុមហ៊ុន BOOSTRONG, Ganzberg និង Idol ប្រកាសបិទបញ្ចប់កម្មវិធីរង្វាន់ និងធានាការទូទាត់សំណងជូនអតិថិជន
30-09-2026 13:14
(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតផលភេសជ្ជៈល្បីឈ្មោះ BOOSTRONG, Ganzberg និង Idol បានប្រកាសជាសាធារណៈ ដោយបិទបញ្ចប់កម្មវិធីផ្តល់រង្វាន់របស់ខ្លួន ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាមួយគ្នានោះក្រុមហ៊ុន ក៏បានអំពាវនាវដល់អតិថិជនទាំងអស់ដែលមានក្រវិលរង្វាន់នៅក្នុងដៃ សូមមេត្តារួសរាន់យកមកប្តូរយកទៅតាមការកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ដើម្បីធានាថាអតិថិជន និងអ្នកលក់បន្ត មិនទទួលរងការខាតបង់នោះ ក្រុមហ៊ុនទាំងបីបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះផលិតផល BOOSTRONG, Ganzberg និង Idol ដែលមានរង្វាន់ហើយលក់មិនទាន់អស់ ក្រុមហ៊ុននឹងធ្វើការគិតតម្លៃតាមផលិតផលដែលគ្មានរង្វាន់ និងទូទាត់សងវិញយ៉ាងត្រឹមត្រូវ។ គោលការណ៍នេះបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនក្នុងការថែរក្សាផលប្រយោជន៍របស់ដៃគូអាជីវកម្ម និងអតិថិជនរបស់ខ្លួន។
ការសម្រេចចិត្តនេះ គឺជាការបង្ហាញពីភាពជាគំរូដ៏ល្អរបស់ក្រុមហ៊ុន BOOSTRONG, Ganzberg និង Idol ក្នុងការគោរពតាមបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រកាសឲ្យបញ្ឈប់ការដាក់រង្វាន់លើផលិតផល។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានការទូទាត់ត្រឹមត្រូវ និងមិនមានការខាតបង់ឡើយ។ ដូច្នេះសូមបងប្អូនដែលមានក្រវិលរង្វាន់ទាំងអស់ មេត្តាកុំរំលងឱកាសចុងក្រោយនេះ ដើម្បីមកប្តូរយករង្វាន់ឲ្យបានទាន់ពេលវេលា៕









