* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

អត្តពលិកកីឡាហាប់គីដូ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីប្រធានសហព័ន្ធ ក្រោយឈ្នះមេដាយជើងឯកអាស៊ី ៣៥គ្រឿង

30-09-2026 14:33

(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីលោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង រហូតដណ្ដើមបានមេដាយសរុបចំនួន ៣៥គ្រឿង ក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៣ នៅទីក្រុងហុងកុង កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ។

ពិធីជួបសំណេះសំណាល និងនាំយកថវិកាលើកទឹកចិត្តប្រគល់ជូនដល់ក្រុមអត្តពលិកកីឡាហាប់គីដូនេះ បានធ្វើឡើងក្រោមវត្តមានលោក គួច ហុងចៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ តំណាងលោក សៅ សេងហាក់ ខណៈកីឡាករ-កីឡាការិនី ១៤នាក់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីប្រធានសហព័ន្ធ ក្រោយដណ្ដើមបានមេដាយមាស ១២, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ១៤គ្រឿងពីព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ។

ទន្ទឹមជាមួយគ្នា លោក គួច ហុងចៀក បានចាត់ទុកសមិទ្ធផលមេដាយ ៣៥គ្រឿងពីការប្រកួតជើងឯកអាស៊ីនេះ គឺកើតចេញពីការខំប្រឹងប្រែងហ្វឹកហាត់ និងការតស៊ូព្យាយាមប្រកួតរបស់កីឡាករ-កីឡាការិនីទាំងអស់ ហើយប្រាក់រង្វាន់របស់ថ្នាក់ដឹកនាំសហព័ន្ធ ផ្ដល់ជូនគឺជាការលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនី ដែលបានខំប្រឹងប្រែងហ្វឹកហាត់ដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចនូវជ័យជម្នះ និងស្នាដៃជូនជាតិមាតុភូមិ។

បន្ថែមលើការកោតសរសើរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចេញទៅប្រកួតអន្ដរជាតិនេះ ប្រធានស្ដីទីសហព័ន្ធដដែលក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីផ្សេងៗ ដែលមិនទាន់មានឱកាសចូលរួមប្រកួតអន្ដរជាតិ ត្រូវបន្ដខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីមានឱកាសចេញទៅប្រកួតនាពេលក្រោយ ស្របពេលថ្នាក់ដឹកនាំសហព័ន្ធ បាននឹងកំពុងខិតខំជំរុញគ្រប់មធ្យោបាយក្នុងការអភិវឌ្ឍ និងបើកឱកាសឲ្យក្រុមកីឡាហាប់គីដូកម្ពុជា បានចេញទៅប្រកួតកម្រិតអន្ដរជាតិជាបន្ដបន្ទាប់ទៀត៕