ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ និងឧបត្ថម្ភកម្រិតពេជ្រ
30-09-2026 15:07
(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមយ៉ាងយ៉ាងសកម្មក្នុង វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ក្រោមការចូលរួមពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ដែបានរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៤០០ អង្គ/រូប មកពីក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូត ព្រមទាំងក្រុមហ៊ុនវិនិយោគ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពី សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី១ និងទិសដៅអាទិភាព ឆ្នាំ២០២៧ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, បង្កើតជាវេទិកាជួបជុំ និងពិភាក្សាផ្លាស់ប្តូរយោបល់រវាងតួអង្គពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យមូលបត្រ ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗ លើធាតុគន្លឹះក្នុងអេកូឡូស៊ីប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាសម្រាប់វិស័យមូលបត្រ ដូចជា ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក្រោមបរិវត្តកម្មឌីជីថលហិរញ្ញវត្ថុ, ការអភិវឌ្ឍនិងការត្រួតពិនិត្យទ្រព្យឌីជីថលនៅកម្ពុជា, វឌ្ឍនភាពនៃការ ចូលរួមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ, សន្ទុះនៃការរីកចម្រើនរបស់ក្រុមហ៊ុនតាមរយៈ ទីផ្សារភាគហ៊ុននៅកម្ពុជា, ទីផ្សារសញ្ញាបណ្ណកម្ពុជាជាកម្លាំងជំរុញការវិនិយោគ និងហិរញ្ញប្បទានរយៈពេលវែង, ការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការដើម្បីការពង្រឹងការអនុវត្ត ច្បាប់, ការលើកកម្ពស់ទំនុកចិត្ត និងកិច្ចការពារវិនិយោគិននៅក្នុងទីផ្សារមូលបត្រជាដើម។
ព្រឹត្តិការណ៍នេះក៏ទទួលមានការចូលរួមពីលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.ស.ហ. ព្រមទាំងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផងដែរ។
ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ទំនុកចិត្ត និងកិច្ចការពារវិនិយោគិននៅក្នុងទីផ្សារមូលបត្រ»។
លោក ជា សុធា បានចែករំលែកទស្សនទានដ៏មានអត្ថន័យ ដែលជាគន្លឹះក្នុងការលើកស្ទួយ និងជម្រុញវិស័យមូលបត្រថា «ទីផ្សារមូលបត្រដែលរឹងមាំ គឺចាប់ផ្តើមពីទំនុកចិត្ត នៅពេលវិនិយោគិនយល់ច្បាស់ពីឱកាស យល់ច្បាស់ពីហានិភ័យ និងមានទំនុកចិត្តថាផលប្រយោជន៍របស់ពួកគេត្រូវបានការពារ ពួកគេនឹងមានភាពក្លាហានក្នុងការចូលរួមវិនិយោគក្នុងរយៈពេលវែង។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការបន្តរវាងនិយ័តករ អ្នកចូលរួមទីផ្សារ និងវិនិយោគិន នឹងជួយកសាងទីផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន មានទំនុកចិត្ត និងមានការចូលរួមកាន់តែទូលំទូលាយ»។
ការឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានស្តែងឱ្យឃើញពី ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍ លើកកម្ពស់ និងជម្រុញវិស័យមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រកបដោយមោទកៈភាព៕






























