* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

DeepSeek ចាប់ដៃគូជាមួយ Huawei ដើម្បីអភិវឌ្ឍឧបករណ៍សរសេរកម្មវិធីបន្ទះឈីប ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Nvidia

30-09-2026 16:34

(ប៉េកាំង)៖ ក្រុមហ៊ុនបញ្ញាសប្បនិមិត្ត (AI) ដ៏លេចធ្លោរបស់ប្រទេសចិន DeepSeek បានប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technologies ដើម្បីអភិវឌ្ឍឧបករណ៍សរសេរកម្មវិធីបន្ទះឈីប (Chip Programming Tools) សម្រាប់បន្ទះឈីប Ascend របស់ Huawei។

ព្រឹត្តិការណ៍នេះ គឺជាសញ្ញាបង្ហាញច្បាស់បំផុតចុងក្រោយ អំពីការកើនឡើងកិច្ចសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងប្រទេសចិន ក្នុងការស្វែងរកផ្លូវរំដោះខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុនអាមេរិក Nvidia ជាពិសេសបន្ទាប់ពីរងផលប៉ះពាល់ពីការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាពីសំណាក់សហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសរបស់ DeepSeek ក្រុមហ៊ុនបានបង្កើតឡើងនូវឧបករណ៍ថ្មីមួយដែលមានឈ្មោះថា TileLang ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ដោយវាផ្តល់នូវ «គំរូសរសេរកម្មវិធីកាន់តែងាយស្រួល» បើប្រៀបធៀបទៅនឹងប្រព័ន្ធ CUDA របស់ Nvidia។ ឧបករណ៍ TileLang នេះត្រូវបានរំពឹងថានឹងជួយឱ្យអ្នកជំនាញបច្ចេកវិទ្យាអាចសរសេរ និងបង្កើនល្បឿននៃការដំណើរការកម្មវិធីនៅលើ hardware ក្នុងស្រុកបានកាន់តែរលូន។ មួយវិញទៀត គឺសម្រួលតក្កវិជ្ជាកូដ បានន័យថាកាត់បន្ថយភាពស្មុគស្មាញក្នុងការរៀបចំកូដ និងសម្រួលដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI ក្នុងស្រុក។

គួរជម្រាបថា ការចាប់ដៃគ្នារវាង DeepSeek និង Huawei ត្រូវបានអ្នកវិភាគទីផ្សារបច្ចេកវិទ្យាមើលឃើញថា ជាជំហានដ៏សំខាន់មួយទៀត ក្នុងការជំរុញការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលអនុញ្ញាតឱ្យក្រុមហ៊ុន AI របស់ចិនអាចពឹងផ្អែកលើបន្ទះឈីប Ascend ទាំងសម្រាប់ការបណ្តុះបណ្តាល (Training) និងដំណើរការគំរូ AI កាន់តែមានប្រសិទ្ធភាពខ្ពស់ និងភាពធន់នឹងការរឹតបន្តឹងពីបរទេស៕