ស្ថាប័នអប់រំ «អេជី» បង្ហាញលទ្ធផលនៃដំណើរការវាយតម្លៃបញ្ចប់ របស់សិស្សនិទ្ទេស «A» ពិន្ទុ ១០០.០០ពេញ និងសិស្សនិទ្ទេស «A» ចំនួន១១នាក់
30-09-2026 16:58
(ភ្នំពេញ)៖ ស្ថាប័នអប់រំ «អេជី» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេស A ពិន្ទុ ១០០.០០០ ពេញ និងសិស្សនិទ្ទេស A ចំនួន ១១រូបទៀត នៅឯសាលប្រជុំសាលាអន្តរជាតិហ្គ្រេនម៉ោន ដោយមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិកនៃស្ថាប័នអប់រំ អេជី, ថ្នាក់ដឹកនាំសាលា និងយុវសិស្សនិទ្ទេស A រួមទាំងលោកគ្រូអ្នកគ្រូ មកពីតាមបណ្ដាសាខានានាជាច្រើននាក់។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិកនៃស្ថាប័នអប់រំ អេជី បានឱ្យដឹងថា ស្ថាប័នអប់រំយើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាផ្លូវការនូវ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦។ សន្និសីទសារព័ត៌មាននេះក៏ជាការបញ្ចប់ នៃដំណើរការវាយតម្លៃទូទាំងស្ថាប័នអប់រំ អេជី ដែលមានសិស្សានុសិស្សកំពុងសិក្សាចំណេះទូទៅខ្មែរចំនួនជាង ៥០០០នាក់ ស្រីជាង ២០០០នាក់ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងនោះសិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ មានចំនួន២៣០នាក់ ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត បន្តថា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ តម្លាភាព និងយុត្តិធម៌ពេញលេញ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អ្នកសង្កេតការណ៍ជាច្រើននាក់របស់ អង្គភាពប្រឆាំងអំពើពុករលួយ បានធានាឱ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយសុវត្ថិភាព និងរលូន ស្ថាប័នអប់រំ អេជី សូមប្រកាសគាំទ្រ និងទទួលយកលទ្ធផលនេះទាំងស្រុង។ កិច្ចសហការរួមគ្នានេះទទួលបានលទ្ធផលល្អ ដោយអត្រាជាប់ទូទាំងស្ថាប័នអប់រំ អេជីមានចំនួន ៨៦.៥២% ក្នុងនោះនិទ្ទេស A ចំនួន ១១ នាក់ត្រូវជា ៤.៧៨% និទ្ទេស B ចំនួន ២៧ នាក់ត្រូវជា ១១.៧៤% និទ្ទេស C ចំនួន ៣៩ នាក់ត្រូវជា ១៦.៩៦% និទ្ទេស D ចំនួន ៦២ នាក់ត្រូវជា ២៦.៩៦% និងនិទ្ទេស E ចំនួន ៦០ នាក់ត្រូវជា ២៦.០៩% ។ បេក្ខជនចំនួន ១៩៩នាក់ ដែលបានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ។
សាលាសូមអបអរសាទរដល់យុវសិស្សឈ្មោះ សេន កេតរ៍ស័កធនិន ដែលទទួលបានលំដាប់ពិន្ទុ ១០០.០០០ ខ្ពស់ជាងគេបំផុតទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក៏សូមផ្ញើសារលើកទឹកចិត្តរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សិស្សដែលមិនទទួលបានលទ្ធផលជាប់។ ការមិនជាប់នេះមិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាឱកាសមួយសម្រាប់ពួកគេក្នុងការបង្វែទិសដៅទៅរក ការអភិវឌ្ឍជំនាញបច្ចេកទេសផ្សេងៗ ឬត្រៀមខ្លួនឱ្យបានល្អសម្រាប់ឆ្នាំសិក្សាបន្ទាប់។
ដោយឡែកយុវសិស្សនិទ្ទេស «A» ពិន្ទុ ១០០.០០ពេញ សេន កេតរ៍ស័កធនិន បានថ្លែងថា តាមបទពិសោធកន្លងមក ដែលធ្វើឲ្យរូបគេទទួលបានលទ្ធផលប្រឡងយ៉ាងល្អឥតខ្ចោះបែបនេះ គឺគ្មានអ្វីក្រៅពីការខិតខំរៀនសូត្រ ជាពិសេសគឺការស្រាវជ្រាវ ព្រោះមកដល់សម័យនេះ គឺជាសម័យ AI យើងត្រូវចេះស្វែងយល់ស្រាវជ្រាវឲ្យបានច្រើនជាទីបំផុត។ ម្យ៉ាងវិញទៀត ការប្រឹងប្រែងអត់ធ្មត់សិក្សាឲ្យបានច្បាស់លាស់ និងមានគោលដៅថា ចង់បាននិទ្ទេសអ្វីឲ្យពិតប្រាកដ គឺយើងនឹងឈានដល់គោលដៅនោះនៅថ្ងៃណាមួយមិនខាន។
សម្រាប់ទៅថ្ងៃអនាគត សេន កេតរ៍ស័កធនិន បានកំណត់ខ្លួនឯងថា ជាបន្តបន្ទាប់រូបគេនឹងប្រឹងប្រែងបន្តការសិក្សាយ៉ាងតិចបំផុត គឺបញ្ញាបត្រជាន់ខ្ពស់ ឬក៏ហៅថា ម៉ាស្ទ័រ តាមជំនាញដែលខ្លួនបានរំពឹងទុករួចហើយ។ ពេលទទួលបានជោគជ័យ រូបគេនឹងចូលរួមប្រឹងប្រែអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់រីកចម្រើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ ចូលរៀនថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សាលារៀនអារីហ្សូនគ្រប់សាខារាជធានី-ខេត្ត សម្រាប់កម្មវិធីសិក្សា ៣ភាសា រួមមាន ចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាសឹង្ហបុរី និងភាសាចិន ចុះឈ្មោះថ្ងៃនេះរៀនឆមាសទី២ ដោយមិនគិតថ្លៃ។ សាលាអន្តរជាតិហ្គ្រេនម៉ោនផ្តល់កម្មវិធីត្រីភាសារួមមាន កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាអន្តរជាតិតាមបែបចក្រភពអង់គ្លេស (UK-Based Cambridge GCSE & IGCSE) និងភាសាចិន ផ្តល់ជូនរហូតដល់ ២៥% ថ្នាក់សាកល្បង ១សប្តាហ៍ ឯកសណ្ឋាន ១ឈុត និងសំពៀតចំនួន១។
បន្ថែមពីនេះទៀតសាលាក៏មានផ្តល់ជូន នូវកម្មវីធីសិក្សាភាសាអង់ង្លេស និងចិន ពេញម៉ោង និងក្រៅម៉ោង កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ ដូចជា វគ្គសិក្សាជំនាញទំនាក់ទំនង (Business Course) និង TESOL ដោយផ្តល់ជូនសាច់ប្រាក់ត្រឡប់រហូតដល់ ៣៣%៕













