* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

ប្រវត្តិសាស្ដ្រ! កម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup 2026 ក្រោយយកស្មើទីម័រខាងកើត ២-២

30-09-2026 18:04

(ហុងកុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup 2026 ហើយ ក្រោយប្រកួតស្មើក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-២ មុននេះបន្ដិចនៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។

ជំនួបដ៏ជក់ចិត្តនេះក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ថ្វីបើកីឡាករ João Pedro អតីតសមាជិកក្លិបអង្គរថាយហ្គឺរ រកបានគ្រាប់នាំមុខឲ្យទីម័រខាងកើត ១គ្រាប់មុន នៅនាទី១៧ តែកម្ពុជាបានព្យាយាមគ្រប់គ្រងបាល់ និងវាយបករហូតរកបាន ២គ្រាប់វិញក្នុងវគ្គទី១ ដោយកីឡាករ Andres Nieto នៅនាទី២៨ និងនាទី៣៨។

ចូលវគ្គទី២ ទោះឱកាសប្រជែងកៅអីវគ្គបន្ដស្ទើរគ្មាន តែទីម័រមិនបោះបង់ការខំប្រឹង រហូតរកបានគ្រាប់តាមស្មើវិញ ដោយកីឡាករ Corsino Lemos នៅនាទី៥៨ ខណៈកម្ពុជាដែលត្រូវការត្រឹមស្មើដើម្បីឡើងវគ្គបន្ដ ក៏ព្យាយាមវាយសម្រុកដែរ តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបាន ដែលនាំឲ្យលទ្ធផលស្មើគ្នា បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្ររបស់ក្រុមគោព្រៃកម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិរាប់ចាប់ពីឆ្នាំ១៩៥៦ នៃការបង្កើតក្រុមជម្រើសជាតិកម្ពុជា ទោះបីជាពានកម្រិតតំបន់ ឬកម្រិតទី២ ក្ដី តែសញ្ញាណដ៏ល្អមួយសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា។

ក្រុមជម្រើសជាតិកម្ពុជា កំពុងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA ASEAN Cup 2026 សម្រាប់បេក្ខភាពលេខ១ ក្នុងពូល A ដែលកំពុងមានប្រៀបដោយក្រុមម្ចាស់ផ្ទះហុងកុង ដែលពួកគេនឹងត្រូវជួបក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៧យប់នេះ។ បច្ចុប្បន្នហុងកុង មាន ៣ពិន្ទុស្មើក្រុមឈរលេខ២ ឡាវ តែសល់ ១ប្រកួតក្នុងដៃ ដោយពួកគេត្រូវការត្រឹមស្មើប្រ៊ុយណេប៉ុណ្ណោះ ដើម្បីឡើងមកជួបក្រុមគោព្រៃកម្ពុជា នៅវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងធ្វើឡើងនាថ្ងៃទី0៣ ខែតុលាខាងមុខ៕