ដូណាល់ ត្រាំ ចុះហត្ថលេខាប្តូរឈ្មោះ AI ទៅជា SI
01-10-2026 09:38
(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាការប្រតិបត្តិដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងទីភ្នាក់ងារសហព័ន្ធទាំងអស់ ឈប់ប្រើប្រាស់ពាក្យ «បញ្ញាសិប្បនិម្មិត» (Artificial Intelligence ឬ AI) និងជំនួសមកវិញនូវពាក្យ «មហាបញ្ញា» (Super Intelligence ឬ SI) វិញ នៅក្នុងឯកសារផ្លូវការ ការទំនាក់ទំនងសាធារណៈ និងគោលនយោបាយរបស់រដ្ឋាភិបាល។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលថ្នាក់ជាតិមួយនៅសេតវិមាន រវាងលោកប្រធានាធិបតី និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសរបស់សេតវិមាន និងព័ត៌មានលម្អិតពីសារព័ត៌មានធំៗ បានឲ្យដឹងថា ការផ្លាស់ប្តូរជាផ្លូវការនេះ គឺតម្រូវឲ្យគ្រប់ស្ថាប័នរដ្ឋាភិបាលសហព័ន្ធទាំងអស់ ត្រូវប្រើប្រាស់ពាក្យ «មហាបញ្ញា» ឬ (Super Intelligence) និងអក្សរកាត់ «SI» ជំនួសឱ្យពាក្យ «AI» ទាំងស្រុងនៅក្នុងលិខិតស្នាម ឯកសារគោលនយោបាយ និងការប្រាស្រ័យទាក់ទងជាសាធារណៈ។ រដ្ឋបាលរបស់លោក ត្រាំ បានបញ្ជាក់ថា ការប្តូរឈ្មោះនេះគឺដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពបច្ចេកវិទ្យាដ៏លឿន និងសក្តានុពលគ្មានដែនកំណត់របស់វា ព្រមទាំងធានាថា សហរដ្ឋអាមេរិកនៅតែបន្តឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍវិស័យនេះ។ ស្របពេលជាមួយគ្នានេះ ក្រុមមហាសេដ្ឋី និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយក្រមសីលធម៌ ដើម្បីធានាថាការអភិវឌ្ឍបច្ចេកវិទ្យានេះ ប្រព្រឹត្តទៅដោយសុវត្ថិភាពដោយមិនចាំបាច់មានការរឹតត្បិតជ្រុលហួសហេតុពីសំណាក់រដ្ឋាភិបាល។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ដូណាល់ ត្រាំ បានលើកឡើងថា «អ្នកណាដែលឈ្នះលើមហាបញ្ញា (Super Intelligence) គឺអ្នកនោះនឹងឈ្នះការប្រកួតប្រជែងជាសាកល»។ ទន្ទឹមនឹងនេះ លោកបានច្រានចោលនូវការដាក់បទប្បញ្ញត្តិដ៏តឹងរ៉ឹងហួសហេតុរបស់រដ្ឋាភិបាល ដោយងាកមកទុកចិត្តលើការប្តេជ្ញាចិត្តផ្ទៃក្នុងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឯកជនវិញ។
គួរជម្រាបថា ចំណាត់ការនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនាញបច្ចេកវិទ្យា និងសាធារណជនទូទាំងពិភពលោក អំពីផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងឈ្មោះ និងយុទ្ធសាស្ត្រគ្រប់គ្រងបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតក្នុងសម័យកាលទំនើបនេះ៕










