Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
01-10-2026 13:13
(បរទេស)៖ ក្រុមហ៊ុន Constellation Energy និង Amazon.com បានចុះកិច្ចព្រមព្រៀងទិញអគ្គិសនីរយៈពេល ២០ឆ្នាំ ដើម្បីគាំទ្រការពង្រីករោងចក្រថាមពលនុយក្លេអ៊ែរ Calvert Cliffs ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះធ្វើឡើង ខណៈតម្រូវការថាមពលនុយក្លេអ៊ែរកំពុងកើនឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យាត្រូវការប្រភពអគ្គិសនីដែលអាចផ្គត់ផ្គង់បានជាប់លាប់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រដែលប្រើ AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងនេះនឹងជួយឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅ Maryland ជាង ៣ពាន់លានដុល្លារ រួមទាំងសមត្ថភាពផលិតអគ្គិសនីថ្មីប្រមាណ ១៩០ មេហ្គាវ៉ាត់ ដែលមិនបញ្ចេញការបំភាយឧស្ម័ន និងគ្រោងដំណើរការនៅចន្លោះឆ្នាំ ២០៣០-២០៣២។ Amazon នឹងទទួលអគ្គិសនី ៦៩០ មេហ្គាវ៉ាត់ ពីរោងចក្រ Calvert Cliffs ដែលមានសមត្ថភាពផលិតសរុប ១,៧៩០ មេហ្គាវ៉ាត់។
លើសពីនេះ Amazon ក៏បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារអគ្គិសនី PJM ដែលគ្របដណ្តប់រដ្ឋចំនួន ១៣។ ការប្តេជ្ញាទិញអគ្គិសនីរយៈពេលវែងនេះ ត្រូវបានរំពឹងថានឹងជួយ Constellation ក្នុងការបន្តអាជ្ញាបណ្ណដំណើរការ Calvert Cliffs រយៈពេល ២០ឆ្នាំបន្ថែមទៀត និងអាចគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ថ្មី និងគម្រោងថាមពលស្អាតផ្សេងទៀត។
គួរជម្រាបថា Calvert Cliffs គឺជារោងចក្រថាមពលនុយក្លេអ៊ែរ តែមួយគត់របស់ Maryland ហើយតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន វាផលិតថាមពលស្អាតប្រមាណ ៨០% នៃរដ្ឋ និងផ្គត់ផ្គង់អគ្គិសនីបានស្មើនឹងតម្រូវការរបស់គេហដ្ឋានជាង ១.៣លានខ្នង៕















