* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

ក្រុមហ៊ុន «OCIC» និង «WCCI» នឹងបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេនៅកម្ពុជា!

01-10-2026 17:14

(ភ្នំពេញ)៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយគ្នា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះនឹងពង្រីកលទ្ធភាព ទទួលបានការអប់រំផ្នែកអាកាសចរណ៍ឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំនិស្សិតសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការនៅក្នុងវិស័យនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC; និងលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន WCCI។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមវត្តមានរបស់លោក លី សុវណ្ណារិទ្ធ តំណាងលេខាធិការដ្ឋានរដ្ឋបាលអាកាសចរស៊ីវិល និងតំណាងស្ថានទូតកាណាដា ហ្វីលីពីន និងបារាំង។

ការអប់រំផ្នែកអាកាសចរណ៍កាន់តែមកជិតសិស្សនិស្សិតកម្ពុជា នៅដំណាក់កាលដំបូង សាកលវិទ្យាល័យ «WCC IATU» នឹងផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន ៣ រួមមាន៖
* បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មថែទាំយន្តហោះ (Mechanical & Avionics)
* បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍
* បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ (Flight Attendant)
កម្មវិធីសិក្សាទាំងនេះនឹងបណ្តុះបណ្តាលនិស្សិត ឱ្យមានសមត្ថភាពក្នុងការថែទាំយន្តហោះ និងប្រព័ន្ធអេឡិចត្រូនិករបស់យន្តហោះ សម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងគាំទ្រដល់ការផ្តល់សេវាកម្មអាកាសចរណ៍ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ការបើកវគ្គសិក្សាទាំងនេះនៅរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទទួលបាន ការបណ្តុះបណ្តាលកម្រិតអន្តរជាតិ និងជំនាញឯកទេសដែរនៅក្នុងស្រុក។ នេះក៏នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកបច្ចេកទេស និងវិស្វករកម្ពុជា ក្នុងការកសាងអាជីពក្នុងវិស័យអាកាសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។

និស្សិតនឹងទទួលបានអត្ថប្រយោជន៍ ពីបណ្តាញអន្តរជាតិដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើតំបន់មជ្ឈិមបូព៌ា អាមេរិកខាងជើង អឺរ៉ុប អាស៊ីខាងជើង និងអូស្ត្រាលី។ យោងតាមក្រុមហ៊ុន Boeing នៅក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៤៥ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថា នឹងត្រូវការអ្នកបើកបរយន្តហោះ អ្នកបច្ចេកទេសថែទាំ និងបុគ្គលិកបម្រើការលើយន្តហោះ (cabin crew) សរុបចំនួន ២៥៨,០០០នាក់ ខណៈដែលតម្រូវការសកលនឹងមានលើសពី ២,៤ លាននាក់។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា «វិស័យអាកាសចរណ៍នាំមកនូវការជួបជុំគ្នា នៃមនុស្សមកពីវិស័យជំនាញផ្សេងៗគ្នាជាច្រើន។ តាមរយៈភាពជាដៃគូជាមួយ WCCI យើងចង់បើកឱកាសឱ្យយុវជនកម្ពុជា កាន់តែច្រើនអាចចូលរួមក្នុងវិស័យនេះ និងប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាអាជីពការងារ»។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ «ចក្ខុវិស័យរបស់យើងគឺបណ្តុះបណ្តាល អ្នកជំនាញផ្នែកអាកាសចរណ៍ជនជាតិកម្ពុជា ឱ្យមានកម្រិតស្តង់ដារអន្តរជាតិ។ នេះជាមូលហេតុដែលយើងវិនិយោគ លើការកសាងសមត្ថភាពក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍សម្រាប់យុវជនជំនាន់ក្រោយ។ ផ្អែកលើបទពិសោធន៍ការងាររបស់ខ្ញុំ ក្នុងវិស័យអាកាសចរណ៍ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វិស្វករ និងអ្នកបច្ចេកទេសផ្នែកអាកាសចរណ៍របស់កម្ពុជា នឹងមានអនាគតល្អមួយទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ»។

ការនាំយកបទពិសោធន៍អប់រំ ផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា
WCCI គឺជាគ្រឹះស្ថានអប់រំផ្នែកអាកាសចរណ៍ឈានមុខគេមួយ នៅក្នុងប្រទេសហ្វីលីពីន និងជាផ្នែកមួយនៃក្រុមហ៊ុន World Citi Group ដែលមានប្រវត្តិក្នុងវិស័យអប់រំតាំងពីឆ្នាំ១៩៧៨ មកម្ល៉េះ។ សិស្សនិស្សិតជាង ១០០,០០០ នាក់បានបញ្ចប់ការសិក្សា ពីគ្រឹះស្ថានអប់រំរបស់ក្រុមហ៊ុននេះ ហើយបច្ចុប្បន្នកំពុងបម្រើការងារទាំង នៅក្នុងប្រទេសហ្វីលីពីន និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។

លោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) របស់ WCCI បានមានប្រសាសន៍ថា «សាកលវិទ្យាល័យថ្មីនេះនឹងផ្តល់ជូននិស្សិតកម្ពុជា នូវការបណ្តុះបណ្តាលដ៏រឹងមាំលើជំនាញ ដែលពួកគេបានជ្រើសរើស ព្រមទាំងការយល់ដឹងច្បាស់លាស់ អំពីអ្វីដែលវិស័យនេះត្រូវការ។ យើងចង់ជួយពួកគេឱ្យអភិវឌ្ឍជំនាញ និងទំនុកចិត្ត ដើម្បីកសាងអាជីពដ៏ល្អប្រសើរមួយនៅក្នុងវិស័យអាកាសចរណ៍»។

តាមរយៈភាពជាដៃគូនេះ WCCI នឹងនាំយកបទពិសោធន៍អប់រំ ផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាឯកទេសរបស់ WCC IATU។ សាកលវិទ្យាល័យនេះនឹងរួមបញ្ចូលគ្នា នូវជំនាញឯកទេសទាំងនេះ ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន OCIC ក្នុងការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ នៅក្នុងប្រទេសកម្ពុជា៕