Tim Cook ចាកចេញទាន់ពេល ខណៈ iPhone Duo កំពុងប្រឈមបញ្ហាផលិតកម្ម
01-10-2026 17:23
(បរទេស)៖ Apple កំពុងប្រឈមបញ្ហាក្នុងការបង្កើនផលិតកម្ម iPhone Duo ដែលជាទូរស័ព្ទបត់បានដំបូងរបស់ខ្លួន ខណៈការដាក់លក់ត្រូវបានគ្រោងធ្វើនៅថ្ងៃទី២៣ ខែតុលា។ តាមប្រភពពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ Foxconn អត្រាផលិតផលដែលឆ្លងកាត់ដំណាក់កាលដំឡើងចុងក្រោយដោយជោគជ័យ មានត្រឹមជាង ៦០% គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ហើយអាចត្រូវការពេលពី ៦ខែ ដល់ ១ឆ្នាំទៀត ដើម្បីឈានដល់កម្រិតផលិតកម្មមានស្ថិរភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
បញ្ហាត្រូវបានរាយការណ៍ថា ភាគច្រើនពាក់ព័ន្ធនឹងតម្រូវការគុណភាពដ៏តឹងរ៉ឹងរបស់ Apple និងការខ្វះបទពិសោធន៍ក្នុងការផលិតទូរស័ព្ទបត់បាន។ Foxconn កំពុងកែសម្រួលឧបករណ៍ និងដំណើរការដំឡើងជាបន្តបន្ទាប់ ខណៈបន្ទះអេក្រង់ OLED ពី Samsung Display និងគ្រឿងបន្លាស់ហ៊ីងក៏ត្រូវបានរាយការណ៍ថាមានបញ្ហាផ្នែកផលិតកម្ម និងការផ្គត់ផ្គង់ផងដែរ។
អត្ថបទដើមបានលើកឡើងថា Apple មានពេលជាច្រើនឆ្នាំដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារទូរស័ព្ទបត់បាន ហើយបានសរសេរថា «Apple has precisely zero excuses for this delay… if it turns out to be true» ឬមានន័យថា Apple ស្ទើរតែមិនមានហេតុផលដោះសារចំពោះការពន្យារពេលនេះ ប្រសិនបើព័ត៌មានខាងលើជាការពិត។ អ្នកនិពន្ធក៏បានចាត់ទុកថា បញ្ហានេះអាចក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ John Ternus ដែលជាអ្នកបន្តតំណែង Tim Cook និងជាអ្នកបង្ហាញ iPhone Duo ជាសាធារណៈ។
ទោះ iPhone Duo ត្រូវបានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំមុន Tim Cook ចាកចេញពីតំណែងក៏ដោយ ផលិតផលនេះត្រូវបានដាក់បង្ហាញក្រោមការដឹកនាំរបស់ Ternus។ ដូច្នេះ ប្រសិនបើវាទទួលបានជោគជ័យ Ternus នឹងទទួលបានអត្ថប្រយោជន៍ពីលទ្ធផលនោះ ប៉ុន្តែប្រសិនបើវាខកចិត្តនៅលើទីផ្សារ ក៏អាចក្លាយជាបញ្ហាប្រឈមសម្រាប់លោកផងដែរ។ អត្ថបទដើមបានសន្និដ្ឋានក្នុងលក្ខណៈមតិយោបល់ថា Tim Cook ប្រហែលជាមានអារម្មណ៍ធូរស្រាល ដែលបានចាកចេញមុនពេលត្រូវប្រឈមនឹងបញ្ហានេះ៕

















