* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

ធនាគារ «ខេប៊ីប្រាសាក់» និង «សភាពាណិជ្ជកម្មកូរ៉េ» ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ធុរកិច្ចកូរ៉េនៅកម្ពុជា

01-10-2026 17:28

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងគោលដៅគាំទ្រដល់ធុរកិច្ច វិនិយោគិន និងក្រុមហ៊ុនកូរ៉េដែលជាសមាជិក របស់សភាពាណិជ្ជកម្មដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ និងលោក KIM Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េ ប្រព្រឹត្តទៅនៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស។

តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នា ដើម្បីលើកកម្ពស់កំណើនធុរកិច្ចគ្នាទៅវិញទៅមក ពង្រឹងបណ្តាញសាជីវកម្ម និងគាំទ្រដល់សមាជិកសភាពាណិជ្ជកម្មកូរ៉េ ជាមួយនឹងដំណោះស្រាយសេវាធនាគារ និងធុរកិច្ច។ កិច្ចសហប្រតិបត្តិការនេះ រួមមាន ការផ្ដល់សេវាហិរញ្ញវត្ថុនិងការគាំទ្រផ្នែកប្រឹក្សាយោបល់ ការផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញធុរកិច្ច និងព្រឹត្តិការណ៍ផ្សេងៗ។ តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនក្រុមហ៊ុនជាសមាជិកសភាពាណិជ្ជកម្មកូរ៉េ នូវសេវាធនាគារស្របតាមតម្រូវការ សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងដំណោះស្រាយធនាគារឌីជីថល។ ភាគីទាំងពីរក៏មានគោលបំណងសហការគ្នារៀបចំ ឬ ចូលរួមក្នុងសិក្ខាសាលា សកម្មភាពផ្គូផ្គងធុរកិច្ច និងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនផងដែរ។

លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ធនាគារ ខេប៊ីប្រាសាក់ មានក្តីសោមនស្សរីករាយក្នុងការកិច្ចសហប្រតិបត្តិការនេះ ជាមួយសភាពាណិជ្ជកម្មកូរ៉េ ដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់សហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងផ្តល់នូវដំណោះស្រាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សមាជិកសភាពាណិជ្ជកម្មកូរ៉េ ព្រមទាំងបង្កើតឱកាសកាន់តែទូលាយ សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញធុរកិច្ច និងកិច្ចសហការ។ យើងខ្ញុំនឹងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសភាពពាណិជ្ជកម្មកូរ៉េ ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចកូរ៉េនៅកម្ពុជា»។

លោក KIM Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េ (KOCHAM) បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការជាមួយធនាគារ ខេប៊ីប្រាសាក់ ផ្តល់នូវថ្នាលមួយទៀត ដើម្បីគាំទ្រដល់សមាជិករបស់ KOCHAM និងសហគមន៍ធុរកិច្ចកូរ៉េទាំងមូលនៅកម្ពុជា។ ការទទួលបានសេវាហិរញ្ញវត្ថុ ការគាំទ្រផ្នែកប្រឹក្សាយោបល់ និងឱកាសផ្សារភ្ជាប់បណ្តាញធុរកិច្ច អាចរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ចកាន់តែរឹងមាំ។ KOCHAM រំពឹងថានឹងសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ដើម្បីបង្កើតគុណតម្លៃ និងឱកាសសម្រាប់សមាជិករបស់ខ្លួន»។

កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ ខេប៊ីប្រាសាក់ និងសភាពាណិជ្ជកម្មកូរ៉េ ក្នុងការការពង្រឹងទំនាក់ទំនងធុរកិច្ច សម្រួលដល់ការទទួលបានដំណោះស្រាយហិរញ្ញវត្ថុ និងការគាំទ្រដល់តម្រូវការហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់វិនិយោគិន និងក្រុមហ៊ុនកូរ៉េនៅកម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់សម្ពោធបង្ហាញជាផ្លូវការ «មជ្ឈមណ្ឌលគាំទ្រការវិនិយោគកូរ៉េ» នៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រ មុនីវង្ស ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រដល់ធុរកិច្ច និងវិនិយោគិននិយាយភាសាកូរ៉េ និងចិននៅកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងបំពេញតួនាទី ជាវេទិកាពិសេសមួយក្នុងការផ្តល់ នូវដំណោះស្រាយហិរញ្ញវត្ថុតាមតម្រូវការ សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងការគាំទ្រដល់ធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនកូរ៉េ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ ខេប៊ីប្រាសាក់ ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងធុរកិច្ច ឱ្យកាន់តែរឹងមាំរវាងប្រទេសកម្ពុជា និងកូរ៉េ៕