អត្តពលិកប្រមាណ ២០ប្រទេសត្រៀមចូលរួមប្រកួតវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ខណៈពិធីបើកនឹងធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ានី
01-10-2026 19:42
(ភ្នំពេញ)៖ អត្តពលិកប្រមាណ ២០ប្រទេសហើយ ដែលបានចុះឈ្មោះត្រៀមចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ នៅកម្ពុជា នាខែវិច្ឆិកាខាងមុខ ខណៈពិធីបើកនឹងធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
នេះបើតាមកិច្ចប្រជុំពិភាក្សាពីលំហូរការងារត្រៀមរៀបចំការប្រកួតព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ ក្រោមវត្តមានលោក អ៊ូ រតនា ប្រធានគណៈកម្មការទទួលបន្ទុករួម និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដោយមានការចូលរួមពីលោក ហម វុទ្ធី ក្រុមការងារពិធីការ ស.ស.យ.ក និងថ្នាក់ដឹកនាំគណៈកម្មការ អនុគណៈកម្មការពាក់ព័ន្ធ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ។
លោក អ៊ូ រតនា បានឲ្យដឹងថា មកទល់ពេលនេះ មានប្រតិភូកិឡាប្រមាណ ២០ប្រទេសហើយ ដែលបានចុះឈ្មោះត្រៀមចូលរួមការប្រកួតជើងឯកអាស៊ីនៅកម្ពុជា តែការចុះឈ្មោះ នៅមិនទាន់បញ្ចប់នោះទេ។ ការណ៍នេះ សហព័ន្ធបានត្រៀមខ្លួនជាស្រេច ជាមួយការធ្វើការងារយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឲ្យការប្រកួតកម្រិតទ្វីបនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ពិសេសការត្រៀមផ្ដល់នូវភាពកក់ក្ដៅដល់ប្រតិភូកីឡាគ្រប់បណ្ដាប្រទេសតែម្ដង។
ទន្ទឹមជាមួយគ្នា ក្នុងនាមប្រធានគណៈកម្មការទទួលបន្ទុករួម លោកបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង សម្រាប់ការផ្ដល់កិត្តិយសនឹងអញ្ជើញចូលរួមជាអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅថ្ងៃបើកការប្រកួតផ្លូវការ នាថ្ងៃទី២៦ ខែវិច្ឆិកា។ លោកចាត់ទុកវត្តមានរបស់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលនេះ នឹងផ្ដល់នូវតម្លៃ និងអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ព្រឹត្តិការណ៍ ពិសេសបង្ហាញនូវការស្វាគមន៍ដ៏កក់ក្ដៅ ចំពោះប្រតិភូកីឡាទាំងអស់ ក្នុងនាមជាម្ចាស់ផ្ទះតែម្ដង។
សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះ នាខែវិច្ឆិកាខាងមុខ មកទល់ពេលនេះ បានប្រព្រឹត្តទៅដោយរលូន ក្រោយមានកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារជាប្រចាំ រួមជាមួយការបែងចែកតួនាទីភារកិច្ចច្បាស់លាស់ ទៅតាមគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីធានាឲ្យបានការរៀបចំទទួលបានជោគជ័យ ទាំងការងារបច្ចេកទេស សន្ដិសុខសណ្ដាប់ធ្នាប់ និងការទទួលបដិសណ្ឋារកិច្ច ពិសេសពិធីបើកការប្រកួតផ្លូវការ ដែលត្រៀមរៀបចំយ៉ាងអធិកអធម ផ្សារភ្ជាប់នូវទស្សនីយភាពចម្រុះទាំងសិល្បៈ និងវប្បធម៌ជាដើម។
គួរដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងសទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះជាលើកដំបូង ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតទ្វីបអាស៊ី តែកន្លងមកកម្ពុជា ក៏ធ្លាប់ម្ចាស់ផ្ទះជើងឯកពិភពលោក និងជើងឯកអាស៊ីអាគ្នេយ៍ ប្រកបដោយភាពជោគជ័យផងដែរ ពិសេសគឺមហាជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង៕











