* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

សាកលវិទ្យាល័យ ទួនហ្វា ប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៦–២០២៧

02-10-2026 12:16

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ទួនហ្វា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦–២០២៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហៀង សុធារ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ទួនហ្វា ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងនិស្សិតនៃសាកលវិទ្យាល័យ ទួនហ្វា។

ពិធីនេះត្រូវបានរៀបចំឡើងដើម្បីស្វាគមន៍និស្សិតថ្មី និងជាសញ្ញា នៃការចាប់ផ្តើមឆ្នាំសិក្សាថ្មីសម្រាប់និស្សិតជំនាន់ទី១ របស់សាកលវិទ្យាល័យ ទួនហ្វា។ ក្នុងឱកាសនេះ និស្សិតថ្មីបានទទួលការណែនាំអំពីបរិយាកាសសិក្សា គោលការណ៍ និងបទប្បញ្ញត្តិនានារបស់សាកលវិទ្យាល័យ ព្រមទាំងតួនាទី កាតព្វកិច្ច និងការទទួលខុសត្រូវរបស់និស្សិតក្នុងដំណើរការសិក្សា។

ក្នុងកិច្ចស្វាគមន៍ចំពោះនិស្សិតជំនាន់ទី១ ជាសមាជិកគ្រួសារតែមួយនេះ សាកលវិទ្យាល័យ ទួនហ្វា ក៏បានធ្វើបង្ហាញអំពីលក្ខន្តិកៈសិក្សា និងព័ត៌មានសំខាន់ៗនៃកម្មវិធីសិក្សា និងមុខជំនាញនៃមហាវិទ្យាល័យនីមួយៗ។ សាកលវិទ្យាល័យ បានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សា ពង្រឹងចំណេះដឹង អភិវឌ្ឍសមត្ថភាព និងជំនាញ ព្រមទាំងចូលរួមក្នុងសកម្មភាពនានា ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់អនាគត និងទីផ្សារការងារ។

ថ្លែងក្នុងឱកាសនោះ សាកលវិទ្យាល័យ ទួនហ្វា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាល និងនិស្សិតទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើស សាកលវិទ្យាល័យ ទួនហ្វា ជាគ្រឹះស្ថានសិក្សា សម្រាប់ការបន្តថ្នាក់បរិញ្ញាបត្រ។

សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ សាកលវិទ្យាល័យ ទួនហ្វា នៅបន្តទទួលពាក្យចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លើមុខជំនាញសិក្សាសំខាន់ៗរួមមាន ភាសាចិន ការគ្រប់គ្រងពាណិជ្ជកម្ម ការគ្រប់គ្រងធនធានមនុស្ស ទីផ្សារ វិស្វកម្ម ស្ថាបត្យកម្ម និងមេកាត្រូនិក។

ការចូលរៀន នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សិស្សានុសិស្ស និងសាធារណជនដែលមានចំណាប់អារម្មណ៍ ឬមានបំណងចុះឈ្មោះចូលរៀន អាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ៖ ០២៣ ៨៦៥ ៣៣៣ | ០១៧ ៨៦៥ ៣៣៣ | ០៨៦ ៨៦៥ ៣៣៣ ៕