លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់តំណាងមូលនិធិទ្រទ្រង់ជនភៀសសឹក នាំយកគ្រឿងឧបភោគ-បរិភោគ ចែកជូនជនភៀសសឹកជាង ៦០០គ្រួសារ នៅព្រះវិហារ
02-10-2026 12:32
(ព្រះវិហារ)៖ លោកស្រី នៅ សុនីតា អនុប្រធានសមាគមសិល្បករខ្មែរ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈចំបាច់មួយចំនួននៃមូលនិធិទ្រទ្រង់ជនភៀសសឹក ទៅចែកជូនជនភៀសសឹក ៦៤៥គ្រួសារ នៅភូមិតាគឹងបៃតង ខេត្តព្រះវិហារ។
លោកស្រី នៅ សុនីតា មានប្រសាសន៍ថា ការចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីសំណាក់មូលនិធិទ្រទ្រង់ជនភៀសសឹក ជូនដល់ប្រជាពលរដ្ឋចំនួន ៦៤៥គ្រួសារ នាពេលថ្ងៃនេះ គឺជាការគិតគូរពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅភូមិតាគឹងបៃតង ដែលរងគ្រោះ និងរងផលប៉ះពាល់ពីជម្លោះព្រំដែន ជាពិសេសគឺការរំលោភបំពានមកលើផ្ទះសម្បែង និងដីស្រែចម្ការ ដែលពួកគាត់បាននិងកំពុងរស់នៅអាស្រ័យផល។
លោកស្រី នៅ សុនីតា ពិតជាមានកិត្តិយសណាស់ ដែលទទួលបានការចាត់តាំងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ដែលជាប្រធានសមាគមសិល្បករខ្មែរ ដើម្បីឱ្យលោកទំទាវដឹកនាំក្រុមការងារ ក៏ដូចជាសិល្បករ សិល្បការិនី មកសួរសុខទុក្ខផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលនៅភូមិតាកឹងបៃតងនេះផ្ទាល់។
លោកស្រីបានបន្តថា រាជរដ្ឋាភិបាលបានរៀបចំជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលយើងឃើញជាក់ស្ដែងនៅទីនេះ មានទាំងសាលារៀន មានទាំងមន្ទីរពេទ្យ មានទាំងទីលំនៅដ្ឋានមួយសមរម្យ ហើយមានបន្ទប់ទឹកមួយដាច់ដោយឡែក ហើយជាពិសេសក៏ទទួលបាននូវការ ផ្ដល់នូវការប្រើប្រាស់ភ្លើងក្រោម ៣០គីឡូ គឺបងប្អូនប្រជាពលរដ្ឋមិនទទួលបានការបង់ថ្លៃទេ ហើយការប្រើប្រាស់ទឹកក៏មិនគិតថ្លៃដូចគ្នា។ ហើយអ្វីដែលលោកស្រីទទួលបានពីរដ្ឋបាលខេត្ត ក៏មានការអភិវឌ្ឍនៅតំបន់ជាច្រើនទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។
លោកស្រីក៏សូមផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនវីរយុទ្ធជនកងទ័ព ដែលលោកកំពុងតែឈរជើងយកទ្រូងបាំងគ្រាប់ ដើម្បីការពារបូរណភាពទឹកដី ដើម្បីឱ្យពួកយើងដែលជាសមរភូមិក្រោយទទួលបាននូវសុខសុវត្ថិភាព។ ហើយលោកស្រីជឿជាក់ថា បងប្អូនដែលនៅទីនេះភាគច្រើន ក៏មានគ្រួសារដែលកំពុងតែឈរជើងនៅតំបន់អានសេះដែរ និងតំបន់ជាច្រើនទៀត សូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា ដែលមានវត្តមាននៅទីនេះ រក្សាផ្លូវចិត្តឱ្យបានល្អ និងព្យាយាមរស់នៅជាមួយនឹងស្ថានភាពដែលយើងមិនបានត្រៀមទុកមុន ពីព្រោះដោយសារវាបានកើតឡើងហើយ។
លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា គ្រាដែលលំបាក ទោះបីជា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត រៀបចំឲ្យមានរចនាសម្ព័ន្ធ មានផ្ទះសម្បែងអាចរស់នៅបាន ប៉ុន្តែមិនស្រួលដូចនៅក្នុងភូមិឋានរបស់ពួកគាត់ទេ។ ក្រោយពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ បងប្អូនមួយភាគធំបានវិលត្រឡប់ ទៅកាន់លំនៅឋានគាត់វិញទៅអស់ ៩៧% នៅសល់ ៣% ដែលបងប្អូនមិនអាចទៅបាន គឺស្ថិតនៅក្នុងតំបន់ក្រហម។
លោកបានបញ្ជាក់ជូនថា តំបន់ក្រហមនេះជាតំបន់ហានិភ័យ ហើយថែមទាំងមិនអាចទៅដល់ដីនោះរស់នៅកើតទេ ដោយសារទ័ពថៃឈ្លានពាននេះ គេមកព័ទ្ធរបងយកដីយើង ឈូសផ្ទះសម្បែងបងប្អូនអស់ បើសិនជាទៅក៏ទៅមិនកើត បើទៅកើតទៅរកមើលផ្ទះមិនដឹងផ្ទះនៅឯណាទៀតទេ ព្រោះលុបអស់ ឈូសខ្ទេចខ្ទីអស់ សូម្បីតែរង្វង់មូលលោកតាក្រហមនៅអានសេះនេះ ក៏គេឈូសកម្ទេចចោល គេរុញច្រានព្រះវិស្ណុ ច្រានចោលកម្ទេចកម្ទីអស់គ្មានសល់។
លោកបានបន្តថា ឥឡូវនេះមកដល់ពេលនេះ ទោះបីបងប្អូន ៩៣% ដែលទៅវិញនោះទឹកដីដែលគាត់ដាំដុះកសិដ្ឋានក៏មានការលំបាក ព្រោះអីគ្រាប់បែកចង្កោមនេះ នៅរាយប៉ាយពាសពេញទាំងអស់ មិនអាចទៅបាន។ កន្លែងខ្លះគឺថា ស៊ីម៉ាក់ (CMAC) ខិតខំដោះ តែដោះមិនអស់ ព្រោះគ្រាប់ខ្លះធ្លាក់ទៅក្រោម អាបេធំៗ គឺនៅក្នុងមួយគ្រាប់ធំ មានរាប់រយសិបគ្រាប់តូចៗនៅក្នុងហ្នឹងទៀត ធ្លាក់ទៅខាងក្រោម ជីកដីទល់តែយកតែកគ្រឿងចក្រធំៗទៅកាយ ខាងស៊ីម៉ាក់ជំនាញ ៩ ម៉ែត្រ ទៅ ១០ ម៉ែត្រទៅក្រោម។
សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, សមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលកាត, ធនាគារ វីង និងក្រុមហ៊ុន CBS។ រហូតមកទល់ពេលនេះ មូលនិធិនេះ បាននាំយកអំណោយដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ជូនជនភៀសសឹក និងជនរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ និងវីរជនការពារព្រំដែន៕

























