ក្រុម Hacker «TA419» ត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយចិន និងក្លែងបន្លំជាអ្នកជំនាញ AI អាមេរិក
02-10-2026 13:36
(បរទេស)៖ ក្រុមហេគឃ័រដែលក្រុមហ៊ុនសន្តិសុខសាយប័រ Proofpoint កំណត់ថា «TA419» និងសង្ស័យថាមានទំនាក់ទំនងជាមួយចិន បានក្លែងបន្លំអត្តសញ្ញាណអ្នកជំនាញ AI និងអតីតមន្ត្រីអាមេរិក ដើម្បីព្យាយាមលួចព័ត៌មានសម្គាល់ការចូលគណនីតាមរយៈអ៊ីមែល។ ក្រុមនេះត្រូវបាន Proofpoint សង្កេតឃើញថា បានកំណត់គោលដៅលើបុគ្គលនៅវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ក្រុមហ៊ុនការពារជាតិ និងក្រុមហ៊ុនច្បាប់នៅអាមេរិក និងជប៉ុន ចាប់តាំងពីយ៉ាងហោចណាស់ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។
តាម Proofpoint ក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រុម TA419 បានក្លែងបន្លំជាអ្នកជំនាញគោលនយោបាយ AI រួមទាំង Lynne Edwards Parker អតីតមន្ត្រីជាន់ខ្ពស់នៃការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សេតវិមាន ដោយផ្ញើអ៊ីមែលអញ្ជើញជនរងគ្រោះឱ្យចូលរួមគម្រោងពាក់ព័ន្ធនឹង AI។ បន្ទាប់ពីជនរងគ្រោះឆ្លើយតប ក្រុមនេះបានបញ្ជូនតំណភ្ជាប់ដែលនាំទៅកាន់ទំព័រក្លែងក្លាយ ដើម្បីព្យាយាមលួចព័ត៌មានចូលគណនី។
ម្នាក់ក្នុងចំណោមគោលដៅដែល Reuters អាចកំណត់អត្តសញ្ញាណបាន គឺ Alex Engler អតីតមន្ត្រីសេតវិមាន និងបច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌល Penn Center on Media, Technology, and Democracy។ Engler បានប្រាប់ Reuters ថា លោកទទួលបានអ៊ីមែលក្លែងបន្លំថាមកពី Parker ដោយអញ្ជើញលោក «ឱ្យចូលរួមក្នុងគម្រោងគោលនយោបាយ AI ថ្មីមួយ» ប៉ុន្តែលោកមានអារម្មណ៍ថា អ៊ីមែលនេះ «ខុសប្លែកបន្តិច ប៉ុន្តែមិនច្បាស់លាស់» ហើយក្រោយពេលពិគ្រោះជាមួយអ្នកដទៃក្នុងវិស័យ លោកបានដឹងថា ជាការក្លែងបន្លំ។
Proofpoint បាននិយាយថា ការកំណត់គោលដៅលើមនុស្សតិចជាង ១០នាក់ បង្ហាញថា ប្រតិបត្តិការនេះអាចមានគោលបំណងប្រមូលព័ត៌មានអំពី «ការរៀបចំគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាជាងគ្រាន់តែចង់លួចបច្ចេកវិទ្យាតែប៉ុណ្ណោះ»។ Parker បានប្រាប់ Reuters ថា៖ «សហរដ្ឋអាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នាជុំវិញ AI។ ការព្យាយាមធ្វើឱ្យមនុស្សដែលធ្វើការក្នុងវិស័យគោលនយោបាយ AI បញ្ចេញព័ត៌មានអំពីផែនការគោលនយោបាយ AI របស់ពួកគេ — ប្រសិនបើនោះពិតជាគោលបំណងមែន — វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ»។ ចំណែកទីក្រុងប៉េកាំងធ្លាប់បដិសេធការធ្វើប្រតិបត្តិការចារកម្មតាមអ៊ីនធឺណិត ខណៈស្ថានទូតចិនប្រចាំវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters៕













