Apple បង្ហើបចំណុចពិសេស iPhone Duo៖ ស្រទាប់ខាងលើអេក្រង់អាចដោះ និងប្តូរថ្មីបាន
02-10-2026 16:57
(បរទេស)៖ Apple បានបង្ហើបថា ស្រទាប់ Nano-texture ដែលស្ថិតនៅពីលើអេក្រង់បត់ខាងក្នុងរបស់ iPhone Duo អាចដោះចេញ និងប្តូរថ្មីបាន ប្រសិនបើវាចាប់ផ្តើមសឹក ឬស្នាមបត់នៅកណ្តាលអេក្រង់កាន់តែច្បាស់តាមពេលវេលា។ ការបញ្ជាក់នេះធ្វើឡើងដោយ Kate Bergeron អនុប្រធានផ្នែកវិស្វកម្ម Hardware របស់ Apple ក្នុងបទសម្ភាសន៍ជាមួយអ្នកបង្កើតមាតិកា Angelica Siciliani Fendi។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors។
Bergeron បាននិយាយថា៖ «វាពិតជាអាចប្តូរបាន ដែលនេះជារឿងល្អសម្រាប់អតិថិជន ព្រោះអ្នកអាចដោះស្រទាប់នោះចេញ ហើយដាក់ស្រទាប់ថ្មីជំនួស»។ ស្រទាប់នេះមិនត្រឹមជួយកាត់បន្ថយពន្លឺចាំងលើអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយភាពមើលឃើញនៃស្នាមបត់នៅកណ្តាលអេក្រង់ផងដែរ។ Apple បាននិយាយថា ខ្លួនបានចំណាយការងារវិស្វកម្មយ៉ាងច្រើន ដើម្បីឱ្យស្រទាប់នេះអាចរក្សាសភាពបានយូរ។
នៅសហរដ្ឋអាមេរិក អតិថិជនដែលមាន AppleCare+ សម្រាប់ iPhone Duo អាចប្តូរស្រទាប់នេះក្នុងតម្លៃ ១៩ដុល្លារ ខណៈតម្លៃសម្រាប់អ្នកដែលមិនមាន AppleCare+ មិនទាន់ត្រូវបានបង្ហាញ។ ការប្តូរជាផ្លូវការទំនងជាត្រូវធ្វើតាម Apple Store ឬមជ្ឈមណ្ឌលសេវាកម្មដែល Apple អនុញ្ញាត ហើយមិនទាន់មានការបញ្ជាក់ថា អ្នកប្រើប្រាស់អាចដោះស្រទាប់នេះដោយខ្លួនឯងបានយ៉ាងងាយស្រួលឬយ៉ាងណាទេ។
គួរជម្រាបថា iPhone Duo នឹងបើកឱ្យកុម្ម៉ង់ទុកជាមុននៅថ្ងៃទី១៦ ខែតុលា វេលាម៉ោង ៥ព្រឹក ម៉ោងនៅតំបន់ប៉ាស៊ីហ្វិកអាមេរិក ហើយនឹងចាប់ផ្តើមដាក់លក់នៅតាមហាងនៅ ថ្ងៃទី២៣ ខែតុលា។ Apple ក៏បានបញ្ជាក់ថា iPhone Duo នឹងមានលក់នៅប្រទេស និងតំបន់ជាង ៧០ រួមទាំងប្រទេសមួយចំនួននៅអាស៊ី ចាប់ពីថ្ងៃបើកកុម្ម៉ង់ទុកជាមុន៕











