កម្ពុជា ជួបហុងកុង ដណ្ដើមពាន FIFA ASEAN Cup ល្ងាចនេះ ខណៈប្រធានក្រុម សារ៉េត គ្រីយ៉ា ប្ដេជ្ញាលេងគ្មានភ័យខ្លាច ក្នុងជំនួបជាប្រវត្តិសាស្ដ្រនេះ
03-10-2026 08:55
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហុងកុង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) នាវេលាម៉ោង ៥ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះនៅកីឡដ្ឋាន Kai Tak។
នេះគឺជាការប្រកួតប្រវត្តិសាស្ដ្ររបស់ក្រុមគោព្រៃកម្ពុជា ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ ខណៈខ្សែការពារជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា ប្ដេជ្ញាលេងដោយគ្មានការភ័យខ្លាច ទោះបីត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ផ្ទះ ចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មានការប្រកួត គ្រីយ៉ា បានអរគុណ FIFA ដែលបានបង្កើតពានថ្មីនេះឡើង។ ប្រធានក្រុមគោព្រៃដដែលបន្ដថា «ខ្ញុំពិតជារីករាយសម្រាប់ការប្រកួតជាប្រវត្តិសាស្ដ្រសម្រាប់បាល់ទាត់កម្ពុជា ដែលបានឡើងមកវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិនេះ។ សម្រាប់ការប្រកួតពិតជាតានតឹង ព្រោះក្រុមហុងកុង មានផលចំណេញ ទី១-ប្រកួតក្នុងដី និងទី២-គាត់មានអ្នកគាំទ្រ តែពួកយើងអត់មានអ្វីភ័យខ្លាចទេ ពួកយើងប្ដេជ្ញាធ្វើឲ្យបានល្អក្នុងការប្រកួតនេះ»។
ដោយឡែកលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាវិញ បានលើកឡើងថា ក្រុមបានត្រៀមខ្លួនយ៉ាងល្អក្នុងការប្រកួតទី៣ នៃព្រឹត្តិការណ៍ខាងលើ ហើយប្ដេជ្ញានឹងប្រឹងប្រែងទាំងអស់គ្នាឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ។ សម្រាប់ការជួបហុងកុង លោកចាត់ទុកជាការប្រកួតកម្រិតខ្ពស់មួយ ហើយក៏ជាការប្រកួតដ៏ខ្លាំង និងជាគូប្រកួតដ៏ល្អប្រចាំពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) ផងដែរ។
ទន្ទឹមជាមួយគ្នា គ្រូបង្វឹកហុងកុងលោក Roberto Losada ថាបច្ចុប្បន្នកម្ពុជា គឺជាក្រុមមួយ ដែលមិនសូវត្រូវបានគេមើលឃើញពីសមត្ថភាពពិតប្រាកដ ទាំងដែលកម្ពុជាមានកីឡាករឆ្នើមៗជាច្រើន ហើយលីគកម្ពុជា ក៏កំពុងមានការរីកចម្រើនជាបន្តបន្ទាប់។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺការមានកីឡាករថ្មីៗទទួលបានសញ្ជាតិខ្មែរ ដែលអាចរួមចំណែកកែលម្អក្រុមឲ្យកាន់តែល្អប្រសើរឡើង។ ដូច្នេះជំនួបវគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ លោកជឿថា នឹងក្លាយជាជំនួបដ៏តានតឹង។
ក្រឡេកទៅមើលប្រវត្តិជួបគ្នា រវាងក្រុមទាំងពីរវិញ រយៈពេលជាង ៦០ឆ្នាំមកហើយ ក្រុមជម្រើសជាតិកម្ពុជា ទើបឈ្នះហុងកុងម្ដងប៉ុណ្ណោះ ពោលគឺជ័យជម្នះលើកដំបូង ក្នុងជំនួបចុងក្រោយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្ពុជា បានយកឈ្នះ ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ ដូច្នេះចាំមើលតើល្ងាចនេះ កម្ពុជា នឹងអាចបន្ថែមនូវកំណត់ត្រាប្រវត្តិសាស្រ្ដថ្មីទៀតបានទេ?








