Amazon គ្រោងវិនិយោគ ១ពាន់លានដុល្លារ លើសហគមន៍ជុំវិញមជ្ឈមណ្ឌលទិន្នន័យនៅអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ
03-10-2026 09:50
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Amazon (តាមរយៈផ្នែកសេវាកម្មក្លោដ AWS) បានប្រកាសផែនការវិនិយោគទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ទៅលើសហគមន៍មូលដ្ឋាននានាក្នុងសហរដ្ឋអាមេរិក ដែលជាទីតាំងតាំងនៅនៃមជ្ឈមណ្ឌលទិន្នន័យ (Data Centers) របស់ខ្លួន។
ការវិនិយោគនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងអ្នកនយោបាយក្នុងស្រុក អំពីផលប៉ះពាល់នៃការរីកចម្រើននៃមជ្ឈមណ្ឌលទិន្នន័យ លើការប្រើប្រាស់ថាមពលអគ្គិសនី និងប្រភពទឹកស្អាត។ ថវិកា ១ពាន់លានដុល្លារនេះ នឹងត្រូវយកទៅគាំទ្រលើវិស័យអប់រំ ការបណ្តុះបណ្តាលជំនាញការងារ ការរៀបចំប្រព័ន្ធថាមពលអគ្គិសនីឱ្យមានតម្លៃសមរម្យ ការអភិរក្សប្រភពទឹក និងថាមពល ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។
Amazon/AWS បានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ Water Positive ត្រឹមឆ្នាំ២០៣០ (ការបង្វែរប្រភពទឹកស្អាតសងទៅសហគមន៍វិញឱ្យបានច្រើនជាងបរិមាណដែលខ្លួនប្រើប្រាស់) ដោយបច្ចុប្បន្នសម្រេចបាន ៧៥% នៃគោលដៅហើយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ការពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI នឹងមិនធ្វើឱ្យតម្លៃអគ្គិសនីរបស់ប្រជាពលរដ្ឋក្នុងស្រុកកើនឡើងនោះឡើយ។
ក្រុមហ៊ុនបានប្រកាសឈប់ប្រើប្រាស់កិច្ចព្រមព្រៀងរក្សាការសម្ងាត់ ជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងស្រុក ហើយនឹងចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីដោយចំហ៕






