* Apple ត្រៀមរឹតបន្តឹងការអនុញ្ញាតឱ្យ AI ចូលប្រើទិន្នន័យលើ Mac ក្រោយមានការរិះគន់លើ Meta Muse
* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើម

03-10-2026 11:06

(ពោធិ៍សាត់)៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត បានរៀបចំពិធី «ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមថ្នាក់ចំណេះដឹងទូទៅ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦» របស់សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ងួន ប៉ោសេង បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានគូសបញ្ជាក់ថា ពិធីថ្ងៃនេះគឺជាឱកាសដ៏ប្រសើរដើម្បីអបអរសាទរ និងទទួលស្គាល់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្ស ដែលបានបំពេញភារកិច្ចសិក្សាដោយយកចិត្តទុកដាក់ ប្រកបដោយការតស៊ូ វិន័យ និងការទទួលខុសត្រូវខ្ពស់។

លោកអភិបាលរងបានថ្លែងបញ្ជាក់ថា ការផ្តល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍នាពេលនេះ មិនមែនមានន័យត្រឹមតែជាការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ឬការលើកសរសើរចំពោះលទ្ធផលសិក្សាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវ កម្លាំងចិត្ត ការលើកទឹកចិត្ត និងការទទួលស្គាល់យ៉ាងពិតប្រាកដ ចំពោះការលះបង់កម្លាំងកាយចិត្តរបស់ក្មួយៗ ព្រមទាំងជាការជំរុញឱ្យពួកគេបន្តដំណើរលើវិថីនៃការសិក្សា និងការអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងទៅកាន់ក្មួយៗសិស្សានុសិស្ស លោក ងួន ប៉ោសេង បានក្រើនរំលឹកឱ្យមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន ប៉ុន្តែកុំឱ្យមោទនភាពនេះក្លាយទៅជាការធ្វេសប្រហែសឱ្យសោះ។ ផ្ទុយទៅវិញ ត្រូវយកសមិទ្ធផលនេះធ្វើជាកម្លាំងចលករ ដើម្បីបន្តខិតខំរៀនសូត្រ ស្វែងរកចំណេះដឹងថ្មីៗ និងអភិវឌ្ឍសមត្ថភាពខ្លួនឱ្យកាន់តែខ្ពស់ឡើងជាលំដាប់។

លោកបានផ្ញើសារដាស់តឿនយ៉ាងមានអត្ថន័យថា៖ «ភាពជោគជ័យមិនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការខិតខំប្រឹងប្រែង វិន័យ ការតស៊ូ និងការមិនបោះបង់ចោលក្តីសុបិនរបស់ខ្លួន»។ ទន្ទឹមនឹងនេះ លោកអភិបាលរងក៏បានផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សដែលមិនទាន់ទទួលបានរង្វាន់ក្នុងពេលនេះ ឱ្យយកពាក្យថា «ខ្ញុំអាចធ្វើបាន» ជាស្មារតីតស៊ូ និងកុំបាក់ទឹកចិត្ត ព្រោះឱកាសជោគជ័យនៅតែមានជានិច្ចសម្រាប់អ្នកដែលមិនបោះបង់បំណងប្រាថ្នារបស់ខ្លួន។ លោកក៏បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ គោរពវិន័យ ចេះស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។

ជោគជ័យ និងសមិទ្ធផលរបស់សិស្សានុសិស្សនៅថ្ងៃនេះ មិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ លោកគ្រូ អ្នកគ្រូ នៃសាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ដែលជាអ្នកផ្តល់ចំណេះដឹង អប់រំសីលធម៌ និងជួយជំរុញសិស្សឱ្យស្គាល់ពីតម្លៃនៃការសិក្សា។ ក្នុងនាមរដ្ឋបាលខេត្ត លោក ងួន ប៉ោសេង បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មដ៏ថ្លៃថ្លានេះ។

ជាងនេះទៅទៀត លោកក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា និងអ្នកអាណាព្យាបាល ទាំងអស់ ដែលបានយកចិត្តទុកដាក់ ផ្តល់ឱកាស និងសហការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ក្នុងការអប់រំ និងដឹកនាំកូនៗឱ្យឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង៕