* Apple ត្រៀមរឹតបន្តឹងការអនុញ្ញាតឱ្យ AI ចូលប្រើទិន្នន័យលើ Mac ក្រោយមានការរិះគន់លើ Meta Muse
* Amazon ចុះកិច្ចព្រមព្រៀងថាមពល ២០ឆ្នាំ ជំរុញការវិនិយោគនុយក្លេអ៊ែរជាង ៣ពាន់លានដុល្លារ
* Fresh AI ពង្រីកបណ្តាញទីតាំងសាកថ្ម EV រហូតដល់ ៣៥៨ កន្លែងទូទាំងប្រទេស បង្កើនតបតម្រូវការអ្នកប្រើប្រាស់ឡានអគ្គិសនី !
* Tesla រៀបចំឥណទាន ៣០ ពាន់លានដុល្លារ ខណៈបង្កើនការវិនិយោគលើ AI និងថាមពលសូឡា

សាលារៀន អន្តរទ្វីប  អាមេរិកាំង (AIS) ប្រគល់រង្វាន់ជូនសិស្សនិទ្ទេសA ចំនួន៩៨នាក់

03-10-2026 13:21

(ភ្នំពេញ)៖ សាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) បានរៀបចំពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សនិទ្ទេស A ចំនួន៩៨នាក់ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅសាខាទួលគោកក្រោមការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត
គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សផងដែរ។

នៅក្នុងឱកាសដ៏រំភើបរីករាយនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីបានមានមតិស្វាគមន៍ កោតសរសើរ និងអបអរសាទរដល់សិស្សឆ្នើមនិទ្ទេស A ទាំង៩៨រូប ដែលបានខិតខំរៀនសូត្រ រហូតទទួលបានលទ្ធផលដ៏អស្ចារ្យ។ អ្នកឧកញ៉ា បានបន្ថែមថា ដើម្បីជាការលើកទឹកចិត្តដល់សិស្សឆ្នើមទាំង៩៨រូប សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រគល់នូវមេដាយ បណ្ណសរសើរ រួមទាំងកុំព្យូទ័រយួរដៃ (Laptop) ម្នាក់មួយគ្រឿងដល់សិស្សផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងអំណរគុណដល់លោកឪពុក អ្នកម្តាយ អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានខិតខំចូលរួមចំណែកទាំងអស់គ្នា ក្នុងការបំពេញនូវកាតព្វកិច្ចសម្រេចឱ្យបាននូវលទ្ធផលដ៏វិសេសវិសាលមួយនេះ។

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានជម្រាបជូនមាតាបិតា និងអ្នកអាណាព្យាបាលឱ្យបានជ្រាបថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលាលេខ១ទូទាំងប្រទេស ដែលមានពិន្ទុល្អ វិន័យល្អ និងមានសិស្សទទួលបាននិទ្ទេស A ច្រើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងមានសិស្សជាប់ការប្រឡងច្រើនជាងគេផងដែរ។មិនត្រឹមតែទទួលបានលទ្ធផលល្អក្នុងការសិក្សាប៉ុណ្ណោះទេ សិស្ស AIS ក៏មានសមត្ថភាពច្បាស់លាស់ទំាំងភាសាខ្មែរ និងភាសាអង់គ្លេសបានល្អថែមទៀតផង។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានវត្តមាននៅកម្ពុជាអស់រយៈពេលជាង ២១ឆ្នាំមកហើយ និងមានបទពិសោធក្នុងការបណ្តុះបណ្តាល និងអប់រំសិស្សរាប់ម៉ឺននាក់។ អតីតសិស្សជាច្រើនបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបន្តការសិក្សានៅក្រៅប្រទេស ដោយទទួលបានជោគជ័យក្នុងការសិក្សា និងអាជីព ហើយមួយចំនួនបានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីបម្រើការងារជាអ្នកដឹកនាំ អ្នកជំនួញ និងមន្ត្រីរាជការ។

តាមរយៈការរៀបចំកម្មវិធីប្រគល់ និងទទួលមេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តនេះ សិស្សានុសិស្សបានតាំងចិត្ត និងប្តេជ្ញាថានឹងបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យកាន់តែពូកែថែមទៀតលើជំនាញដែលខ្លួនពេញចិត្ត និងជាតម្រូវការរបស់ប្រទេសជាតិ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដែលពោរពេញដោយសក្តានុពល ក្នុងការជួយឱ្យប្រទេសជាតិសម្បូរទៅដោយធនធានមនុស្សដ៏សម្បូរបែប ជាពិសេសដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យបានកាន់តែល្អប្រសើរថែមទៀត។

សូមជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែបខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។

បន្ថែមលើការសិក្សានៅក្នុងថ្នាក់ និងដើម្បីជំរុញគុណភាពសិក្សាបន្ថែមរបស់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ចូលនូវកម្មវិធីបន្ថែមជាច្រើន ទៅលើការសិក្សាក្នុងកម្មវិធីគោលដែលរួមមាន កម្មវិធីចុះទស្សនកិច្ចសិក្សា (ទស្សនកិច្ចសិក្សានៅតាមស្ថានទូត មណ្ឌលវប្បធម៌ ទេសចរណ៍ សហគ្រាស បណ្តាក្រុមហ៊ុនធំៗក្នុងគោលបំណងបណ្តុះ និងពង្រីកនូវវិសាលភាពចំណេះបន្ថែមលើវប្បធម៌ ប្រវត្តិសាស្ត្រ សង្គម ការគ្រប់គ្រង ប្រភេទអាជីវកម្ម ចំណេះដឹងថ្មីដែលទាក់ទងនឹងបច្ចេកវិទ្យា) កម្មវិធីចុះកម្មសិក្សាក្នុង និងក្រៅប្រទេស កម្មវិធីបំណិនជីវិត សិក្ខាសាលាតាមកម្រិតភូមិសិក្សា (សុខភាពសាធារណៈ សុខភាពភ្នែក សុខភាពមាត់ធ្មេញ និងការថែទាំ ការបង្ការជំងឺមហារីកមាត់ស្បូន ចំណីអាហារ ផលប៉ះពាល់នៃគ្រឿងញៀន បម្រែបម្រួលវ័យ ការតម្រង់ទិសសម្រាប់ការប្រឡងថ្នាក់ជាតិ ការតម្រង់ទិសថ្នាក់ឧត្តមសិក្សា ការជ្រើសរើសជំនាញសិក្សា និងការរៀបចំផែនការអាជីព) ពិធីស្តាប់ព្រះសង្ឃសម្តែងព្រះធម្មទេសនា កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ទិវាជាតិអំណាន ទិវាវប្បធម៌ ការចូលរួមការងារសប្បុរសធម៌ ជាពិសេសសាលាមានកម្មវិធីប្រកួតប្រជែងជាច្រើនទៅតាមកម្រិត ដើម្បីរំលេចនូវភាពខ្លាំងនៃមុខវិជ្ជានីមួយៗ ភាពខ្លាំងតាមជំនាញ និងចំណូលចិត្តរបស់សិស្សានុសិស្ស និងលើកទឹកចិត្តដោយផ្តល់ជាអាហារូបករណ៍សិក្សាដល់សិស្សានុសិស្សជាដើម។

គួររំឭកផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលាឯកជនមួយដែលមានសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាសមិទ្ធផលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា៕