Elon Musk ប្រកាសប្តូរឈ្មោះអង្គភាពបញ្ញាសិប្បនិម្មិត SpaceXAI ទៅជា SpaceXSI វិញ ក្រោយការជំរុញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
05-10-2026 09:17
(ទីក្រុងវ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសនាពេលថ្មីៗនេះថា នឹងប្តូរឈ្មោះអង្គភាពបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនពី SpaceXAI ទៅជា SpaceXSI វិញ ស្របតាមការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យប្រើប្រាស់ពាក្យថា «បញ្ញាអស្ចារ្យ» (Super Intelligence - SI) ជំនួសឱ្យពាក្យ «បញ្ញាសិប្បនិម្មិត» (Artificial Intelligence - AI)។
ការសម្រេចចិត្តនេះ ត្រូវបានបង្ហាញឡើង បន្ទាប់ពីមានអ្នកប្រើប្រាស់ម្នាក់នៅលើបណ្តាញសង្គម X បានសួរលោក Elon Musk អំពីលទ្ធភាពនៃការប្តូរឈ្មោះពី SpaceXAI ទៅជា SpaceXSI។ ជាការឆ្លើយតប លោក Elon Musk បានសរសេរថា៖ «បាទ យើងនឹងធ្វើការផ្លាស់ប្តូរនោះ» ហើយថែមទាំងបានបន្ថែមទៀតថា «លែងមាន AI ទៀតហើយ។ SI គឺប្រសើរជាង»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Elon Musk ពុំទាន់បានបញ្ជាក់លម្អិតបន្ថែម ឬកំណត់ពេលវេលាច្បាស់លាស់ពីពេលណាដែលការផ្លាស់ប្តូរឈ្មោះផ្លូវការនេះនឹងត្រូវដាក់ឱ្យអនុវត្តនោះឡើយ ខណៈដែលគណនីបណ្តាញសង្គម និងគេហទំព័ររបស់ SpaceXAI នៅតែបន្តប្រើប្រាស់ឈ្មោះចាស់ដដែលកំឡុងពេលប្រកាសនេះ។ ការផ្លាស់ប្តូរឈ្មោះនេះធ្វើឡើង បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមុននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលក្នុងនោះលោក ត្រាំ បានលើកឡើងថា ចាប់ពីពេលនេះតទៅ ឯកសារទាំងអស់របស់សហរដ្ឋអាមេរិក គួរតែប្តូរមកប្រើប្រាស់ពាក្យថា «Super Intelligence (SI)» វិញ ដោយសារវាជាពាក្យត្រឹមត្រូវជាងពាក្យ «Artificial Intelligence»។
គួររំលឹកផងដែរថា កាលពីដើមឆ្នាំនេះ លោក Elon Musk បានសម្រេចបញ្ចូលក្រុមហ៊ុន xAI ឱ្យស្ថិតក្រោមម្លប់របស់ក្រុមហ៊ុនអវកាស SpaceX ដែលធ្វើឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធជជែកកំសាន្ត Grok ក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងអាណាចក្រអាជីវកម្មរបស់ SpaceX៕










