តុលាការឧទ្ធរណ៍អាមេរិកផ្អាកច្បាប់ Minnesota ហាមបង្កើតរូបអាក្រាតក្លែងក្លាយដោយ AI ក្រោយ xAI ប្តឹង
05-10-2026 10:06
(បរទេស)៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តច្បាប់របស់រដ្ឋ Minnesota ដែលហាមឃាត់ការបង្កើតរូបភាពអាក្រាតក្លែងក្លាយដោយ AI បន្ទាប់ពីក្រុមហ៊ុន xAI របស់លោក Elon Musk ប្តឹងជំទាស់ថា ច្បាប់នេះរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញអាមេរិក។ ការសម្រេចនេះត្រូវបានធ្វើឡើង ខណៈបណ្តឹងរបស់ xAI ប្រឆាំងនឹងច្បាប់នេះនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។
ច្បាប់ដែលចូលជាធរមានកាលពីថ្ងៃទី១ ខែសីហា ហាមម្ចាស់គេហទំព័រ កម្មវិធី និងសេវាបច្ចេកវិទ្យា មិនឱ្យអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែ ឬបង្កើតរូបភាព និងវីដេអូដែលបង្ហាញផ្នែករាងកាយជិតស្និទ្ធរបស់បុគ្គលដែលអាចកំណត់អត្តសញ្ញាណបាន ហើយមានភាពប្រាកដនិយមដល់ថ្នាក់អាចធ្វើឱ្យមនុស្សជឿថា ផ្នែករាងកាយនោះជារបស់បុគ្គលក្នុងរូបដើម។ ច្បាប់ក៏អនុញ្ញាតឱ្យបុគ្គលដែលត្រូវបានបង្កើតរូបបែបនេះ អាចប្តឹងទាមទារសំណងតាមផ្លូវច្បាប់ផងដែរ។
កាលពីខែមុន តុលាការថ្នាក់ក្រោមបានបដិសេធសំណើរបស់ xAI ដែលសុំផ្អាកច្បាប់ ដោយចៅក្រមបានសម្រេចថា ក្រុមហ៊ុនមិនបានបង្ហាញថានឹងរងការខូចខាតដែលមិនអាចស្តារឡើងវិញបាន។ ប៉ុន្តែតុលាការឧទ្ធរណ៍ទី៨ បានយល់ព្រមផ្តល់ដីកាបណ្តោះអាសន្នដល់ xAI ដើម្បីផ្អាកការអនុវត្តច្បាប់ ខណៈសំណុំរឿងបន្តដំណើរការ។ ការិយាល័យអគ្គមេធាវីរដ្ឋ Minnesota លោក Keith Ellison បាននិយាយថា ខ្លួនខកចិត្តចំពោះសេចក្តីសម្រេចនេះ និងនឹងបន្តការពារច្បាប់។ អ្នកនាំពាក្យលោក Ellison លោក John Stiles បាននិយាយថា៖ «ច្បាប់របស់ Minnesota ហាមឃាត់ផលិតផលបច្ចេកវិទ្យា AI មិនឱ្យបង្កើតរូបភាពផ្លូវភេទ ដែលបង្កការប៉ះពាល់ និងការយាយីដល់មនុស្សក្នុងរបៀបដ៏អាក្រក់បំផុត»។
ចំណែក xAI បានអះអាងថា ឧបករណ៍ Grok Imagine របស់ខ្លួនមាន «វិធានការការពារយ៉ាងតឹងរ៉ឹង» ដើម្បីទប់ស្កាត់ការបង្កើតរូបភាពអាក្រាត ឬរូបភាពផ្លូវភេទរបស់មនុស្សពិត។ ក្រុមហ៊ុនក៏បានចាប់ផ្តើមប្តឹងអ្នកប្រើប្រាស់មួយចំនួន ដែលខ្លួនអះអាងថា បានព្យាយាមជៀសផុតពីប្រព័ន្ធទប់ស្កាត់របស់ Grok ដើម្បីបង្កើតរូបភាពផ្លូវភេទរបស់មនុស្សដោយគ្មានការយល់ព្រម។ ចំណែករដ្ឋ Minnesota បាននិយាយថា ខ្លួនអនុម័តច្បាប់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមាតិកាផ្លូវភេទក្លែងក្លាយដែលបង្កើតដោយ AI រួមទាំងមាតិការំលោភបំពានផ្លូវភេទលើកុមារ៕







