រួមសទ្ធា រួមកុសល និងបន្តថែរក្សាប្រពៃណីខ្មែរ! «ជីប ម៉ុង» រៀបចំពិធីកាន់បិណ្ឌវេនទី៧ និងរាប់បាត្រព្រះសង្ឃ ១,០០០ អង្គ
05-10-2026 11:05
(ភ្នំពេញ)៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូន ដល់បុព្វការីជនដែលបានចែកឋានទៅ ព្រមទាំងជាឱកាសសម្រាប់ក្រុមគ្រួសារ និងញាតិមិត្តបងប្អូនបានជួបជុំគ្នា រួមសទ្ធា រួមកុសល និងបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។
នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៧ លោកអគ្គនាយកបន្តវេន ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមកពីពហុពាណិជ្ជកម្មនានារបស់ ជីប ម៉ុង បានរួមគ្នាប្រារព្ធពិធីកាន់បិណ្ឌ និងរាប់បាត្រព្រះសង្ឃចំនួន ១,០០០ អង្គ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនពុទ្ធបរិស័ទ និងសាធារណជន ដែលបានរួមគ្នារាប់បាត្រ និងធ្វើបុណ្យដោយសទ្ធាជ្រះថ្លា។ ការជួបជុំគ្នានាព្រឹកនេះ មិនត្រឹមតែជាការធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីតម្លៃនៃកតញ្ញូធម៌ ការចែករំលែក និងការរួមគ្នាបន្តថែរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់។
កុសលផលដែលកើតចេញពីសទ្ធារួមគ្នានេះ ត្រូវបានឧទ្ទិសជូនដល់បុព្វការីជនដែលបានចែកឋានទៅ។ ជាពិសេសកុសលផលនេះ ក៏ត្រូវបានឧទ្ទិសជូនដល់វីរកងទ័ព ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ដើម្បីរំឭកដល់វីរភាព និងសម្តែងនូវការដឹងគុណចំពោះការលះបង់របស់ពួកគាត់។
ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមកពីពហុពាណិជ្ជកម្មនានារបស់ ជីប ម៉ុង ព្រមទាំងបងប្អូនពុទ្ធបរិស័ទ និងសាធារណជន ក្នុងពិធីដ៏មានអត្ថន័យនេះ។ ការចូលរួមនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការរួមចំណែកជាមួយសង្គម មិនត្រឹមតែតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការចូលរួមលើកស្ទួយតម្លៃនៃកតញ្ញូធម៌ វប្បធម៌ និងប្រពៃណីជាតិផងដែរ។
តាមរយៈការចូលរួមក្នុងសកម្មភាពបែបនេះ ធនាគារ ជីប ម៉ុង នឹងបន្តរួមចំណែកជាមួយ ជីប ម៉ុង និងសង្គមខ្មែរ ក្នុងការថែរក្សា និងបន្តតម្លៃដ៏ល្អផូរផង់របស់ខ្មែរ ឱ្យបន្តទៅកាន់ជំនាន់ក្រោយ៕



