* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

លោកបណ្ឌិត ថោង ខុន រំពឹងព្រឹត្តិការណ៍ Kun Khmer X Fight Clubbing ជួយលើកស្ទួយគុនខ្មែរ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក

05-10-2026 13:55

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ «ភិមានអាកាស Kun Khmer X Fight Clubbing» ឆ្នាំ២០២៦ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ ក៏ដូចជាផ្សព្វផ្សាយមរតកយុទ្ធគុនបុរាណខ្មែរ និងសក្ដានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ឆាកអន្ដរជាតិ។

ការបង្ហាញសុទិដ្ឋិនិយមនេះ លោកទេសរដ្ឋមន្ដ្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ខាងលើ នៅរដ្ឋបាលខត្តសៀមរាប នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេ​សចរណ៍, ខេត្តសៀមរាប, អាជ្ញាធរជាតិអប្សរា អាជ្ញាធរមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀបចំព្រឹត្តិការណ៍ Kun Khmer X Fight Clubbing 2026 ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែតុលាខាងមុខ នៅព្រះលានជល់ដំរី ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះត្រូវបានរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ឲ្យ NOCC សហការជា​មួយ​ស្ថានីយ៍ទូរទស្សន៍ ថោន និងស្ថាប័ន Fight Clubbing របស់ប្រទេសអ៊ីតាលី រៀបចំឡើងជាការប្រកួតអន្ដរជាតិលក្ខណៈ​គុនខ្មែរ និងឃីកបុកស៊ីង ចំនួន ៧គូ រវាងកីឡាករឆ្នើមៗលំដាប់ប្រទេសរបស់កម្ពុជា ជាមួយកីឡាករអន្ដរជាតិល្បីៗមកអ៊ីតាលី បារាំង រូម៉ានី ទុយណេស៊ី តួកគី និងសេណេហ្គាល់ជាដើម ហើយនឹងមានការផ្សាយបន្ដផ្ទាល់ទៅកាន់ទូរទស្សន៍ DAZN ដ៏ល្បីរបស់អង់គ្លេសដែលមានបណ្ដាញផ្សព្វផ្សាយជាង ២០០ប្រទេសជុំវិញពិភពលោក។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានថ្លែងថា «ព្រឹត្តិការណ៍ប្រកួតប្រដាល់នេះ មិនត្រឹមតែលើកកម្ពស់អភិវឌ្ឍមរតកយុទ្ធគុនដូនតាខ្មែរទៅកាន់ពិភពលោក និងបង្ហាញពីសមត្ថភាពកម្ពុជាលើការរៀបចំព្រឹត្តិការណ៍ប្រដាល់អាជីពកម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអរយិធម៌ វប្បធម៌ខ្មែរ តំបន់បេតិកភណ្ឌនៅសៀមរាបអង្គរ ពិសេសជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ ដែលនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចីរភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ»។

ដើម្បីធានាការរៀបចំព្រឹត្តិការណ៍ Kun Khmer X Fight Clubbing 2026 បានបរព្រឹត្តទៅដោយរលូន និងជោគជ័យ លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ និងសំណូមពរមួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងស្ថានីយ៍ទូរទស្សន៍ ថោន ត្រូវសហការរៀបចំឲ្យបានល្អប្រសើរបំផុត ទាំងការងារបច្ចេកទេស និងសន្ដិសុខសណ្ដាប់ធ្នាប់ ផ្សារភ្ជាប់ការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាទេសចរណ៍ វប្បធម៌ ពិសេសការរំលេចនូវប្រវត្តិក្បាច់គុនបុរាណខ្មែរ តាមរយៈភស្ដុតាងលើជញ្ជាំង និងខឿនប្រាង្គប្រាសាទបុរាណខ្មែរតែម្ដង។

នៅថ្ងៃដដែលនេះ ក្រោយបញ្ចប់កិច្ចប្រជុំ និងស្ដាប់នូវបទបង្ហាញរបស់ក្រុមការងាររៀបចំ លោកបណ្ឌិត ថោង ខុន ក៏បានដឹកនាំប្រតិភូ និងក្រុមការងារ ចុះត្រួតពិនិត្យមើលទីតាំងទីលានព្រះពន្លាជល់ដំរី នៃតំបន់រមណីយដ្ឋានអង្គរ ដែលជាទីតាំងសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer X Fight Clubbing» នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខផងដែរ៕