ក្រុមហ៊ុន «OCIC» និង «TUI Hotels & Resorts» របស់អាល្លឺម៉ង់ បើកដំណើរការសណ្ឋាគារ «TUI SUNEO» ដំបូងគេនៅកម្ពុជា
05-10-2026 14:19
(ភ្នំពេញ)៖ ក្រុមហ៊ុនសណ្ឋាគារតារា (Dara Hotels Group) ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន TUI Hotels & Resorts របស់អាល្លឺម៉ង់ បានសម្ពោធជាផ្លូវការនូវសណ្ឋាគារ ធួយ សូណេអូ អូឡាំព្យា ភ្នំពេញ (TUI SUNEO Olympia Phnom Penh) កាលពីពេលថ្មីៗនេះ ដែលជាការបើកដំណើរការសណ្ឋាគារ TUI SUNEO ដំបូងគេនៅក្នុងប្រទេសកម្ពុជា។
ពិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ ការបើកដំណើរការនេះ គឺជាការចាប់ផ្តើមជំពូកថ្មីមួយសម្រាប់សណ្ឋាគារ ដែលពីមុនត្រូវបានគេស្គាល់ថា ជាសណ្ឋាគារ Olympia City Hotel by Dara។
សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ១៦៨ នេះ មានទីតាំងស្ថិតនៅជិតពហុកីឡដ្ឋានជាតិអូឡាំពិក ហើយគឺជាសាខាទី៤ របស់ TUI SUNEO នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សណ្ឋាគារនេះដំណើរការ ក្រោមកិច្ចព្រមព្រៀងគ្រប់គ្រងរវាងក្រុមហ៊ុន Dara Hotels Group និង TUI Hotels & Resorts ហើយក៏ជាការបង្ហាញវត្តមានលើកដំបូង របស់ម៉ាកយីហោនេះនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា «ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏គួរឱ្យមោទនភាពមួយសម្រាប់ក្រុមហ៊ុន Dara Hotels Group។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យទេសចរណ៍លំដាប់ពិភពលោកដូចជា TUI Group របស់អាល្លឺម៉ង់ យើងកំពុងផ្សារភ្ជាប់បេតិកភណ្ឌក្នុងស្រុករបស់កម្ពុជា ទៅនឹងបណ្តាញអន្តរជាតិ»។
លោក Bernd Mäser នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន TUI Hotels & Resorts បានមានប្រសាសន៍ថា «ការបើកដំណើរការសណ្ឋាគារ TUI SUNEO Olympia Phnom Penh គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការការពង្រីកបណ្តាញសណ្ឋាគាររបស់យើង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ទីក្រុងភ្នំពេញដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍របស់ប្រទេស ដោយមានការរួមបញ្ចូលគ្នា នូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការតភ្ជាប់អន្តរជាតិដែលកំពុងកើនឡើង និងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត»។
ការបើកដំណើរការនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការពង្រឹងទំនាក់ទំនងរបស់ OCIC ជាមួយក្រុមហ៊ុន និងស្ថាប័ននានារបស់អាល្លឺម៉ង់ តាមរយៈគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC បានទិញទំនិញ និងសេវាកម្មដែលមានតម្លៃជិត ១១ លានដុល្លារអាមេរិក ពីក្រុមហ៊ុនអាល្លឺម៉ង់នានា រួមមាន Siemens, Schneider Electric, Peri និង Kalzip ខណៈដែលធនាគារ កាណាឌីយ៉ា ក៏ធ្លាប់ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ KfW របស់អាល្លឺម៉ង់ផងដែរ។
តាមរយៈគម្រោង TUI SUNEO Olympia Phnom Penh ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Dara Hotels Group បន្តចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា ដោយសហការជាមួយដៃគូអន្តរជាតិឈានមុខគេ៕






