កីឡាករ-កីឡាការិនីហាប់គីដូជាង ៤០នាក់ ត្រូវបានដំឡើងខ្សែក្រវាត់ និងលិខិតបញ្ជាក់ការខិតខំប្រឹងប្រែងហ្វឹកហាត់
05-10-2026 14:29
(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្ដដំឡើងខ្សែក្រវាត់ និងលិខិតបញ្ជាក់ខ្សែក្រវាត់ខ្មែរដល់កីឡាករ-កីឡាការិនីរបស់ខ្លួនជាង ៤០រូប សម្រាប់ជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងហ្វឹកហាត់តាមបណ្ដាក្លិបរៀងៗខ្លួន រួមមានសិស្សគុនក្លិបអូឡាំពិក ក្លិបឥន្រ្ទីយ៍ ក្លិបម៉ាស្ទ័រសេង ក្លិបធីណាហាប់គីដូ និងសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ។
ពិធីដំឡើងខ្សែក្រវាត់ និងលិខិតបញ្ជាក់ខ្សែក្រវាត់ខ្មៅខាងលើ បានធ្វើឡើងនៅសាលហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមវត្តមានលោក គួច ហុងចៀក ប្រធានស្ដីទី តំណាងលោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកបានឲ្យដឹងថា នេះគឺជាកម្មវិធីមួយ ស្របតាមផែនការមេរបស់សហព័ន្ធ ដោយកីឡាករ-កីឡាការិនី ដែលខិតខំហ្វឹកហាត់ និងឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស អស់រយៈពេលច្រើនខែ ត្រូវប្រឡងដំឡើងខ្សែក្រវាត់ និងលិខិតបញ្ជាក់ពីកម្រិតខ្សែក្រវាត់របស់ខ្លួន។
ជាក់ស្ដែងនៅថ្ងៃទី០៤ ខែតុលា មានកីឡាករ-កីឡាការិនីជាង ៤០រូប បានទទួលជោគជ័យក្នុងការប្រឡងដំឡើងខ្សែក្រវាត់ និងលិខិតបញ្ជាក់ខ្សែក្រវាត់ខ្មៅ។ ទាំងអស់នេះ គឺជាទិសដៅអភិវឌ្ឍដ៏សំខាន់ ដើម្បីជំរុញសមត្ថភាពដល់កីឡាករ-កីឡាការិនី សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ក៏ដូចជាការវិវឌ្ឍន៍សមត្ថភាព ក្លាយជាគ្រូបង្គោលនាថ្ងៃអនាគតផងដែរ៕












