តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
05-10-2026 17:22
(ទីក្រុងវ៉ាស៊ីនតោន)៖ នៅក្នុងអត្ថបទវិភាគថ្មីមួយរបស់សារព័ត៌មានបច្ចេកវិទ្យា TechCrunch បានចោទជាសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយ ជុំវិញការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់រដ្ឋបាលសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការប្តូរឈ្មោះ និងបង្កើតកិច្ចព្រមព្រៀងសុវត្ថិភាពថ្មី ដើម្បីដោះស្រាយការព្រួយបារម្ភរបស់សាធារណជនជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ថ្មីៗនេះ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្លាស់ប្តូរការប្រើប្រាស់ពាក្យផ្លូវការពី «បញ្ញាសិប្បនិម្មិត» (Artificial Intelligence - AI) មកជា «បញ្ញាអស្ចារ្យ» (Super Intelligence - SI) វិញ ព្រមទាំងបានអញ្ជើញនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Meta, Amazon, SpaceX/xAI និង Anthropic ឱ្យមកចុហត្ថលេខាលើ «ការប្តេជ្ញាចិត្តរួមគ្នាលើការទទួលខុសត្រូវព្រំដែន» (Joint Commitment on Frontier Responsibilities) ដែលជាកិច្ចព្រមព្រៀងសុវត្ថិភាពបែបស្ម័គ្រចិត្ត។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកច្បាប់ និងអ្នកវិភាគបច្ចេកវិទ្យាបានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាឯកសារដែលគ្មានកម្លាំងចងក្រងផ្លូវច្បាប់ពិតប្រាកដនោះឡើយ ទោះបីជាលោកប្រធានាធិបតី ត្រាំ បានអះអាងថា វាមានលក្ខណៈ «ចងក្រងតាមផ្លូវសីលធម៌» ក៏ដោយ។ ការរៀបចំឯកសារនេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់រដ្ឋាភិបាល ក្នុងការបង្ហាញការគ្រប់គ្រង ប៉ុន្តែវាក៏បានបង្កឱ្យមានការសង្ស័យផងដែរថា តើការប្តូរឈ្មោះ និងការសន្យាស្ម័គ្រចិត្តទាំងនេះ អាចដោះស្រាយបញ្ហាសុវត្ថិភាពពិតប្រាកដ ឬគ្រាន់តែជាយុទ្ធសាស្ត្រសាខាទំនាក់ទំនងសាធារណៈ (PR) ដើម្បីបន្ធូរបន្ថយការភ័យខ្លាចរបស់សាធារណជន?
សារព័ត៌មាន TechCrunch បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែការបង្កើតក្រុមការងារពិសេសដូចជា «កងកម្លាំងបញ្ញាអស្ចារ្យ» (Super Intelligence Force) អាចជួយសម្របសម្រួល និងផ្តល់យោបល់បានក៏ដោយ ប៉ុន្តែបទប្បញ្ញត្តិពិតប្រាកដនិងការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព នៅតែទាមទារឱ្យមានការអនុម័តច្បាប់ពីសភា ឬបទដ្ឋានគតិយុត្តិពីស្ថាប័នមានសមត្ថកិច្ចដទៃទៀត ព្រោះថាកិច្ចព្រមព្រៀងស្ម័គ្រចិត្ត មិនអាចជំនួសឱ្យគោលនយោបាយរដ្ឋបាលដ៏តឹងរឹង ក្នុងការទប់ស្កាត់ហានិភ័យនៃបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់នេះបានឡើយ៕











