* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ក្លិបការ៉ាតេ-ដូ ហនុមាន ចាប់ដៃជាមួយសមាគមមកពីឡាវ និងវៀតណាម ដើម្បីបង្ហាញពីសន្ដិភាពក្នុងតំបន់ តាមរយៈវិស័យកីឡា

06-10-2026 08:10

(ភ្នំពេញ)៖ ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន របស់កម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសមាគមការ៉ាតេ វៀងចន្ទន៍ នៃប្រទេសឡាវ និងសមាគមការ៉ាតេខេត្តង៉េអាន នៃប្រទេសវៀតណាម លើកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងប្រទេសជិតខាង ពិសេសបង្ហាញពីសន្ដិភាពតាមរយៈវិស័យកីឡា។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជានាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេ-ដូ ហនុមាន ព្រមទាំងលោក Inthasone Phetsiriseng ប្រធានសមាគមការ៉ាតេ វៀងចន្ទន៍ និងលោក Nguyen Anh Tuan ប្រធានសមាគមការ៉ាតេខេត្តង៉េអាន ផងដែរ។

លោក ឈាង សុវណ្ណរតនា បានរំឮកថា កិច្ចសហការត្រីភាគី រវាងក្លិប និងសមាគមនៃប្រទេសទាំង ៣ កើតឡើងបន្ទាប់ពីភាគីទាំងបី បានជួបគ្នាក្នុងការប្រកួតអន្ដរជាតិ នៅប្រទេសឡាវ កាលពីថ្មីៗ ហើយបានពិភាក្សាគ្នា ឈានទៅរកកិច្ចសហការ ដើម្បីបង្ហាញពីសន្ដិភាពក្នុងតំបន់ ហើយអាចពង្រីក និងអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេកម្ពុជាកាន់តែទូលំទូលាយ ក៏ដូចជាបង្ហាញឲ្យអន្ដរជាតិបានដឹងពីសក្ដានុពលកីឡាការ៉ាតេកម្ពុជា ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោកបន្ដថា ភាពជាដៃនេះ មិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសកីឡាការ៉ាតេប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងឈានទៅរកការកសាងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការបង្ហាញពីតម្លៃនៃសន្តិភាពក្នុងតំបន់តាមរយៈស្មារតីកីឡា។ មិនតែប៉ុណ្ណោះ ក៏ជាការរួមចំណែកមួយផ្នែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ តាមរយៈគម្រោងរៀបចំការប្រកួតអន្ដរជាតិនាថ្ងៃអនាគត ស្របពេលក្លិបកីឡាការ៉ាតេ-ដូ ហនុមាន គ្រោងនឹងរៀបចំឲ្យមានការប្រកួតអន្ដរជាតិលក្ខណៈបើកជំហរមួយ បន្ទាប់ពីកិច្ចសហការខាងលើ។

លោក ឈាង សុវណ្ណរតនា បន្ដថា «ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺទើបជាការចាប់ផ្ដើមប៉ុណ្ណោះ។ ខ្ញុំសង្ឃឹម និងជឿជាក់ថា សម្រាប់ចក្ខុវិស័យទៅថ្ងៃអនាគត នឹងបើកទ្វារទទួលស្វាគមន៍សមាគម/ក្លិបទាំងអស់នៅកម្ពុជា ក៏ដូចជាសមាគម/ក្លិបនៅប្រទេសឡាវ និងវៀតណាម ដើម្បីចូលរួមជាសមាជិក ក្រោមដំបូលសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍។ ខ្ញុំសង្ឃឹមថា សមាគម និងក្លិបផ្សេងៗ ចង់ចូលរួម និងចូលរួម ហើយយើងនឹងបន្ដទទួល ដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា»។

ឆ្លៀតឱកាសនោះដែរ លោក ណុប វណ្ណថារ៉ូ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លិបកីឡាការ៉ាតេ-ដូ ហនុមាន ក្នុងការរួមចំណែកអភិវឌ្ឍន៍កីឡាករ-កីឡាការិនី ហើយបានបោះជំហានថ្មីមួយទៀត តាមរយៈកិច្ចសហការលក្ខណៈអន្ដរជាតិនាពេលនេះ ដែលបានឆ្លើយតបនឹងផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ពិសេសមុំ ២ ក្នុងចំណោមមុំ ៥ គឺការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងក្លិប និងក្លិប ឬក្លិប និងសមាគម ទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕