នាយបេសកកម្ម៖ ការយកចិត្តទុកដាក់ និងលើកទឹកចិត្តរបស់សម្ដេចធិបតី ជំរុញឲ្យអត្តពលិកកម្ពុជា បំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី
06-10-2026 09:34
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មកីឡាកម្ពុជា បានចាត់ទុកភាពជោគជ័យក្នុងការដណ្ដើមបានមេដាយសំរឹទ្ធ ៤គ្រឿងពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន គឺកើតចេញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាកត្ដាជំរុញទឹកចិត្តឲ្យអត្តពលិកខិតខំប្រឹងប្រកួត រហូតឈ្នះមេដាយជូនជាតិមាតុភូមិ។
ការលើកឡើងនេះ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជាចុងក្រោយ ដឹកនាំដោយនាយឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គហិរញ្ញឹក NOCC តំណាងលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញនាល្ងាចថ្ងៃទី០៥ ខែតុលា ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាអាស៊ីជាផ្លូវការ ក្រោយដំណើរការប្រកួតជាង ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។
នាយបេសកកម្មខាងលើបន្ដថា «ក្នុងនាមប្រតិភូកីឡាកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្រតិភូកីឡារបស់យើង មុនចេញដំណើរ តាមរយៈឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងការជួបសំណេះសំណាល និងលើកទឹកចិត្ត ដោយពាំនាំនូវថវិកាលើកទឹកចិត្តរបស់សម្ដេចផ្ដល់ជូនដល់ប្រតិភូ និងកីឡាករ-កីឡាការិនី ដែលជំរុញទឹកចិត្តឲ្យអត្តពលិករបស់យើង បំបែកនូវឯតទគ្គកម្មមេដាយការប្រកួតកីឡាអាស៊ីលើកមុន»។
ការប្រកួតកីឡាអាស៊ីឆ្នាំនេះ ទោះបីកម្ពុជាបានបញ្ជូនអត្តពលិកតិចជាងមុន តែក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៤គ្រឿង និងឈរលេខរៀងទី៣៥ ក្នុងចំណោម ៤៥ប្រទេស។ សមិទ្ធផលនេះ គឺជាជោគជ័យ បើធៀបនឹងលក្ខណៈបច្ចេកទេសការប្រកួតកីឡាអាស៊ី កាលពីចុងឆ្នាំ២០២៣ នៅប្រទេសចិន កម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង ខណៈលើកនេះ កម្ពុជាកើនដល់មេដាយសំរឹទ្ធ ៤គ្រឿង។ ទាំងអស់នេះគឺផ្ដើមចេញពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ ខណៈការប្រកួតជាក់ស្ដែង ក៏មានចូលរួមលើកទឹកចិត្តផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិតទេសរដ្ឋមន្ដ្រីអ ថោង ខុន ផងដែរ។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន ក៏បានអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង រហូតសម្រេចបានលទ្ធផលដ៏ល្អប្រសើរជូនជាតិ ពោលគឺជាលទ្ធផលដូចការគ្រោងទុក ដែលលោកធ្លាប់បានបញ្ជាក់មុនចេញដំណើរ គឺកម្ពុជារំពឹងទទួលបានលទ្ធផលល្អប្រសើរជាងមុន។ បែបនេះក្ដី លោកក៏ទទួលស្គាល់ពីចំណុចខ្វះខាតជាច្រើនរបស់អត្តពលិកកម្ពុជា ដែលត្រុវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ក្រោមការផ្ដល់កម្លាំងចិត្តពីប្រជាជនទាំង ១៧លាននាក់នៅពីក្រោយ ដើម្បីត្រៀមការប្រកួត ៤ឆ្នាំក្រោយ ដែលនឹងត្រូវរៀបចំការប្រកួតនៅប្រទេសកាតា នាឆ្នាំ២០២៣០ ខាងមុខ៕













