សង្វៀនយុទ្ធគុនខ្មែរចម្រុះ ក្លាយជាឱកាសថ្មីសម្រាប់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ
06-10-2026 12:10
(ភ្នំពេញ)៖ សង្វៀនយុទ្ធគុនខ្មែរចម្រុះ បានក្លាយជាសង្វៀនថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍ ថោន ដើម្បីផ្ដល់ឱកាសដល់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ គឺមានគុនខ្មែរ ឃីកបុកស៊ី ប្រដាល់សកល និងគុនចម្រុះ បានចូលរួមបង្ហាញសមត្ថភាព និងស្វែងរកភាពជោគជ័យថ្មីៗលើសង្វៀនដ៏កម្រមួយនេះ។
នេះបើតាមការគូសបញ្ជាក់របស់លោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកទំព័រសង្វៀនយុទ្ធគុនខ្មែរចម្រុះកាលពីថ្មីៗ ដោយមានការចូលរួមលោក វ៉ា សុធា ស្វាមីលោកស្រី ជួប មាន អគ្គនាយិកាស្ថានីយទូរទស្សន៍ ថោន, លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា, លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងលោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាផងដែរ។
លោកបន្ដថា នេះគឺជាព្រឹត្តិការណ៍កម្រ និងដំបូងគេនៅកម្ពុជា សម្រាប់ការប្រកួតយុទ្ធគុនខ្មែរចម្រុះកម្រិតអន្ដរជាតិ លើ ៤ប្រភេទកីឡាក្នុងសង្វៀនតែមួយ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ហ្វឹកហាត់ទាំងគុនខ្មែរ ឃីកបុកស៊ីង ប្រដាល់សកល និងគុនចម្រុះ មានឱកាសប្រកួត និងបង្ហាញសមត្ថភាព។ ក្រោមវត្តមានសង្វៀនថ្មីនេះ លោកសង្ឃឹមថា ការត្អូញត្អែរថាខំហាត់តែអត់មានសង្វៀនប្រកួត នឹងត្រូវបញ្ចប់ ហើយកីឡាករ-កីឡាការិនីទាំងអស់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសប្រកួតជារៀងរាល់សប្ដាហ៍។
អ្វីដែលពិសេសទៀតនោះ តាមរយៈសង្វៀនថ្មី ដែលប្រសិទ្ធនាមថា យុទ្ធគុនខ្មែរចម្រុះនេះ នឹងក្លាយជាវេទិការដ៏មានអត្ថន័យ ក្នុងការផ្សារភ្ជាប់ការផ្សព្វផ្សាយពីវប្បធម៌ក្បាច់គុនចម្រុះខ្មែរបុរាណជាច្រើន ដែលបានចារឆ្លាក់លើផ្ទាំងសិលាតាមប្រាង្គប្រាសាទបុរាណខ្មែរនានាដល់កីឡាករ-កីឡាការិនីបរទេស ក៏ដូចជាភ្ញៀវអន្ដរជាតិឲ្យបានស្គាល់ និងបានដឹងច្បាស់ថា ក្បាច់គុនទាំងនោះពិតជារបស់ខ្មែរ ដែលជាមរតកបន្សល់ទុកដោយដូនតាខ្មែរអស់កាលជាយូរលង់ណាស់មកហើយ។ លោក ហាក់ សុខហេង បន្ថែម។
ទន្ទឹមជាមួយគ្នាលោក ហេង សុឃន ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថានីយទូរទស្សន៍ថោន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ថ្មីៗ ប្លែកៗ ជាក់ស្ដែងការបង្កើតសង្វៀនយុទ្ធគុនខ្មែរចម្រុះនាពេលនេះ នឹងក្លាយជាឱកាសសម្រួចសមត្ថភាព បច្ចេកទេសរបស់កីឡាករ-កីឡាការិនីកាន់តែល្អប្រសើរថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ទាំងកីឡាឃីកបុកស៊ីង ពិសេសគឺគុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ រួមទាំងកីឡាប្រដាល់សកល និងគុនចម្រុះផងដែរ៕








