AI ក៏អាចជួបភាពលំអៀងយេនឌ័រ? ការសិក្សារកឃើញ AI រូបរាងជាស្ត្រី ទទួលរង្វាន់តិចជាង AI រូបរាងជាបុរស ១០.២៥% ទោះមានសមត្ថភាពដូចគ្នា
06-10-2026 15:40
(បរទេស)៖ ការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Limerick ប្រទេសអៀរឡង់ រកឃើញថា ភាពលំអៀងផ្នែកយេនឌ័រដែលមាននៅកន្លែងធ្វើការ អាចត្រូវបានបង្ហាញឡើងវិញនៅពេលមនុស្សធ្វើអន្តរកម្មជាមួយ AI។ ក្រុមអ្នកស្រាវជ្រាវបានដាក់អ្នកចូលរួមចំនួន ១៨៩នាក់ក្នុងការិយាល័យនិម្មិតតាមរយៈ VR និងឱ្យពួកគេបំពេញការងារជាមួយជំនួយការ AI ដែលមានរូបរាងផ្សេងៗគ្នា។ បន្ទាប់ពីបញ្ចប់ការងារ អ្នកចូលរួមត្រូវបានឱ្យបែងចែកប្រាក់ពិតប្រាកដរវាងខ្លួនឯង និង AI ដើម្បីវាស់ថា ពួកគេឱ្យតម្លៃចំពោះការរួមចំណែករបស់ AI ប៉ុណ្ណា។ នេះបើយោងតាមគេហទំព័រ The Irish Times ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។
លទ្ធផលបង្ហាញថា Johanna ដែលជាជំនួយការ AI មានរូបរាងជាស្ត្រី ត្រូវបានអ្នកចូលរួមបែងចែករង្វាន់ជាប្រាក់តិចជាង Johan ដែលមានរូបរាងជាបុរសចំនួន ១០.២៥% សម្រាប់ការងារដូចគ្នា ទោះបីជាប្រព័ន្ធ AI ទាំងពីរមានសមត្ថភាព និងបច្ចេកវិទ្យាមូលដ្ឋានដូចគ្នាក៏ដោយ។ Johan ក៏ត្រូវបានវាយតម្លៃថា មានលក្ខណៈដូចមនុស្សជាង Johanna ផងដែរ។ អ្នកស្រាវជ្រាវបានលើកឡើងថា លទ្ធផលនេះបង្ហាញពីលទ្ធភាពដែលភាពលំអៀងផ្នែកយេនឌ័រដែលមានក្នុងបរិយាកាសការងាររបស់មនុស្ស អាចឆ្លុះបញ្ចាំងមកក្នុងការធ្វើអន្តរកម្មជាមួយ AI។
លោកស្រី Mary Hausfeld អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Limerick បាននិយាយថា៖ «អ្វីដែលគួរឱ្យកត់សម្គាល់ពីលទ្ធផលរបស់យើង គឺបច្ចេកវិទ្យានៅពីក្រោយ AI ទាំងនេះដូចគ្នាទាំងស្រុង ប៉ុន្តែមនុស្សមិនបានប្រព្រឹត្តចំពោះពួកវាដូចគ្នានោះទេ»។ លោកស្រីបន្តថា «យើងតែងតែគិតថា AI មានភាពអព្យាក្រឹត ប៉ុន្តែរបៀបដែលយើងរចនា និងបង្ហាញប្រព័ន្ធទាំងនេះ អាចធ្វើឱ្យការសន្មត់ និងភាពលំអៀងដដែលៗដែលមាននៅក្នុងទំនាក់ទំនងរបស់យើងជាមួយមនុស្ស ត្រូវបានបង្ហាញឡើងវិញ»។
គួរជម្រាបថា ការសិក្សាដែលមានចំណងជើង «Human-Like and Male? How AI Assistant Design Relates to Trust and Monetary Reward at Work in VR» ក៏រកឃើញថា អ្នកចូលរួមមានទំនុកចិត្តលើ AI ដែលមានរូបរាងដូចមនុស្សជាង និងផ្តល់តម្លៃខ្ពស់ជាងចំពោះការរួមចំណែករបស់វា បើប្រៀបធៀបនឹង AI ដែលមានរូបរាងជាមនុស្សយន្ត។ គួរឱ្យចាប់អារម្មណ៍ អ្នកចូលរួមជាច្រើនបាននិយាយថា ពួកគេមិនមានចំណូលចិត្តថា AI មានលក្ខណៈជាបុរស ឬស្ត្រីទេ ប៉ុន្តែ «អាកប្បកិរិយារបស់ពួកគេបានបង្ហាញរឿងផ្សេង»។ ការសិក្សានេះត្រូវបានបោះពុម្ពក្នុងស្នាដៃសន្និសីទរបស់ Association for Computing Machinery (ACM) ហើយត្រូវបានបង្ហាញនៅសន្និសីទ NordiCHI 2026 នៅប្រទេសហ្វាំងឡង់៕

















