* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

អត្តពលិកជម្រើសជាតិជាង ១៤០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា

06-10-2026 21:10

(ភ្នំពេញ)៖ សិក្ខាកាមជាគ្រូបង្វឹក និងអត្ដពលិកជម្រើសជាតិកម្ពុជាចំនួន ១៤២នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដល់អត្តពលិកជម្រើសជាតិ ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងកាន់តែច្បាស់អំពីវិធានការប្រឆាំងដូប៉ា ឲ្យបានទូលំទូលាយដល់អត្តពលិកកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២៦ ដែលរៀបចំដោយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលពិធីបើកវគ្គបានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា វគ្គនេះ ធ្វើឡើងតាមគោលការណ៍កំណត់របស់ភ្នាក់ងារប្រឆាំងដូប៉ាអន្តរជាតិ ដើម្បីឲ្យគ្រូបង្វឹក និងអត្តពលិកទាំងអស់យល់ដឹងច្បាស់ពីការប្រឆាំងដូប៉ា និងទទួលបានវិញ្ញាបនបត្របញ្ជាក់អាដេល(ADEL) ដែលជាលក្ខខណ្ឌតម្រូវក្នុងការចូលរួមប្រកួតលក្ខណៈអន្តរជាតិ។ វិញ្ញាបនបត្រនេះត្រូវបានចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ នៅពេលសិក្ខាកាមទទួលបានចំណេះដឹង និងបំពេញតាមលក្ខខណ្ឌកំណត់។

តាមរយៈនេះលោកបានជំរុញឲ្យសិក្ខាកាមចូលរួមសិក្សាទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានវិញ្ញាបនបត្រដ៏មានសារៈសំខាន់នេះ ។ ជាងនេះទៅទៀត សិក្ខាកាមទាំងអស់ ត្រូវចូលរួមចែករំលែកចំណេះដឹងបន្ដដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ដ្រីតាមសហព័ន្ធជាតិនីមួយៗ ព្រោះវគ្គបណ្ដុះបណ្ដាល មិនអាចផ្ដល់គ្រប់គ្នាក្នុងរយៈពេលខ្លីបានទេ ។ ហេតុនេះ ត្រូវចូលរួមចែករំលែក ដើម្បីអនុវត្តបានជោគជ័យទាំងអស់គ្នា។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន ក៏បានផ្ដល់នូវការផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួន ដើម្បីធានាការអនុវត្តវិធានប្រឆាំងដូប៉ាឲ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖

១. សហព័ន្ធដែលមិនទាន់បានចុះកិច្ចព្រមព្រៀងទទួលស្គាល់ CADA និងព្រមអនុវត្តតាមវិធានប្រឆាំងដូប៉ា សូមធ្វើការចុះហត្ថលេខាឲ្យបានរួសរាន់ទាន់ពេលវេលា ព្រោះបើសហព័ន្ធណា មិនបានចុះហត្ថលេខា ទទួលយកវិធានប្រឆាំងដូប៉ា ទៅអនុវត្តគ្រប់សកម្មភាពការងាររបស់ខ្លួនទេ សហព័ន្ធនោះ មិនមានសិទ្ធ បើកការប្រកួតកម្រិតអន្ដរជាតិក្នុងប្រទេស ឬទៅចូលរួមការប្រកួតអន្ដរជាតិបានឡើយ។
២. ស្នើគ្រប់សហព័ន្ធជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវសហការផ្តល់ព័ត៌មានតាមការស្នើសុំរបស់ CADA ជាពិសេសព័ត៌មានទាក់ទងនឹងកត្តាកំណត់ពីហានិភ័យដូប៉ាតាមប្រភេទកីឡានីមួយៗ។
៣. គ្រប់សហព័ន្ធកីឡាជាតិ គ្រូបង្វឹក មន្ត្រីកីឡា និងដៃគូពាក់ព័ន្ធទៀត ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីវិធានប្រឆាំងដូប៉ា ដើម្បីយល់ដឹងពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ខ្លួន ជាប្រយោជន៍ដើម្បីជៀសផុតពីកំហុសឆ្គងដែលកើតឡើងដោយអចេតនា។

ជាមួយគ្នា លោកស្រី លឿង សុផាណារ៉េត ប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា បានរីករាយជាមួយការបើកវគ្គជាបន្ដបន្ទាប់ ដើម្បីផ្សព្វផ្សាយការយល់ដឹងពីវិធានប្រឆាំងដូប៉ា ដល់មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ព្រោះអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែយល់ដឹងអំពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ក្នុងការត្រៀមចូលរួមការប្រកួតកម្រិតជាតិ និងអន្ដរជាតិ រួមទាំងការយល់ដឹងពីអត្ថប្រយោជន៍ និងរបៀបដាក់ស្នើសុំការប្រើប្រាស់ថ្នាំហាមឃាត់ផងដែរ៕