បែកធ្លាយទិន្នន័យសម្ងាត់! FBI ផ្ដាច់កិច្ចសន្យាចោល ជាមួយក្រុមហ៊ុនយក្ស Accenture ក្រោយក្រុម ShinyHunters វាយប្រហារធ្ងន់ធ្ងរ
07-10-2026 09:40
(វ៉ាស៊ីនតោន)៖ យោងតាមប្រភពព័ត៌មានដែលបានទម្លាយប្រាប់ភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមហ៊ុនពិគ្រោះយោបល់ និងសេវាកម្មបច្ចេកវិទ្យាយក្ស Accenture ត្រូវបានលុបឈ្មោះចេញពីកិច្ចសន្យាការងារជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បន្ទាប់ពីបានកើតមានករណីធ្លាយទិន្នន័យដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ព័ត៌មានសម្ងាត់ផ្នែកសន្តិសុខជាតិ។
អាជ្ញាធរអាមេរិក និង FBI បានសម្រេចចិត្តដកក្រុមហ៊ុន Accenture ចេញពីគម្រោងការងារសន្តិសុខបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ក្រោយពេលការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញការទម្លាយចូលទៅកាន់ប្រព័ន្ធរក្សាទុកទិន្នន័យដែលគ្រប់គ្រងដោយក្រុមហ៊ុនម៉ៅការមួយនេះ។
ករណីលួចចូលប្រព័ន្ធនេះ បានធ្វើឱ្យធ្លាយនូវព័ត៌មានរសើប និងទិន្នន័យផ្ទាល់ខ្លួនរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងឯកសារស៊ើបអង្កេតសម្ងាត់មួយចំនួន ដែលបង្កជាហានិភ័យយ៉ាងខ្លាំងដល់ប្រតិបត្តិការសន្តិសុខរបស់ FBI។ ព្រឹត្តិការណ៍នេះបានបង្កើតជាសម្ពាធយ៉ាងខ្លាំងលើស្ថាប័នរដ្ឋាភិបាលអាមេរិក ក្នុងការត្រួតពិនិត្យឡើងវិញនូវស្តង់ដារសន្តិសុខសាយប័ររបស់ក្រុមហ៊ុនឯកជនដែលទទួលបានកិច្ចសន្យាម៉ៅការលើកិច្ចការការពារជាតិ និងសន្តិសុខផ្ទៃប្រទេស។
ដើមចមចម្បងកើតចេញពីការធ្វេសប្រហែសរបស់បុគ្គលិក/ក្រុមហ៊ុនម៉ៅការ Accenture ក្នុងការដំឡើងបច្ចុប្បន្នភាពសុវត្ថិភាព (Security Patch) លើប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស Oracle PeopleSoft ដែលប្រើប្រាស់សម្រាប់គេហទំព័របកប្រែ និងជ្រើសរើសបុគ្គលិករបស់ FBI (FBIJobs)។ ការធ្វេសប្រហែសនេះ បានបើកដៃឱ្យក្រុមហេគឃ័រល្បីឈ្មោះ ShinyHunters ធ្វើការវាយប្រហារ។
ក្រុមហេគឃ័ ShinyHunters បានប្រើប្រាស់បច្ចេកទេស URL-encoding ដើម្បីបន្លំ និងឆ្លងកាត់ជញ្ជាំងសុវត្ថិភាព។ ការធ្វើបែបនេះបានអនុញ្ញាតឱ្យពួកគេជ្រៀតចូលទៅកាន់ប្រព័ន្ធ PeopleSoft ដែលមិនទាន់បាន Patch និងទាញយកទិន្នន័យសម្ងាត់ពីក្នុងប្រព័ន្ធសំខាន់ (Backend) របស់ FBI បានដោយជោគជ័យ។
ក្រុម ShinyHunters បានអះអាងថា ការវាយប្រហារនេះធ្វើឡើងដើម្បីសងសឹក និងបង្ខំឱ្យ FBI កែប្រែសេចក្តីប្រកាសព័ត៌មានជុំវិញសកម្មភាពរបស់ក្រុមខ្លួន មិនមែនជាការជំរិតទារប្រាក់ (Ransomware) នោះទេ៕





