* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

«Newwave» ចាប់ដៃគូជាមួយ «OCIC» ជំរុញការធ្វើឌីជីថល និងបើកដំណើរការ Innovation Lab ថ្មីមួយនៅ Connexion

07-10-2026 09:52

(ភ្នំពេញ)៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង Newwave ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) របស់កម្ពុជាដែលមានកំណើនយ៉ាងឆាប់រហ័ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូកាលពីថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងកម្មវិធីពិភាក្សាអំពីបច្ចេកវិទ្យា (Tech Talk) ដែលដឹកនាំដោយលោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Newwave។ ការចុះហត្ថលេខានេះ គឺជាការចាប់ផ្តើមដំណើរការបឋម (soft launch) នៃមន្ទីរពិសោធន៍នវានុវត្តន៍ថ្មី Innovation Lab Connexion កោះពេជ្រ។

OCIC និង Newwave សហការគ្នាដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល តាមរយៈភាពជាដៃគូនេះ Newwave នឹងធ្វើការដោយផ្ទាល់ជាមួយ OCIC ដើម្បីនាំយកជំនាញផ្នែក AI និងកម្មវិធីកុំព្យូទ័រ (software) របស់ខ្លួនមកអនុវត្តនៅក្នុងអាជីវកម្មនានារបស់ក្រុមហ៊ុន OCIC។ កិច្ចសហប្រតិបត្តិការនេះនឹងជួយឱ្យ OCIC សម្រួលដល់ដំណើរការការងារ ឆ្លើយតបកាន់តែមានប្រសិទ្ធភាព ទៅនឹងតម្រូវការដែលមានការផ្លាស់ប្តូរពីអតិថិជន និងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការធ្វើការងារ។

ក្រុមហ៊ុន Newwave ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ផ្តល់ជូននូវសេវាកម្ម AI និងកម្មវិធីកុំព្យូទ័រដល់អាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេសកម្ពុជា។ Canadia Impact Fund (CIFC) ដែលជាមូលនិធិវិនិយោគរបស់ កាណាឌីយ៉ា គ្រុប (Canadia Group) បានវិនិយោគលើ Newwave ក្នុងដំណាក់កាលចាប់ផ្តើមដំបូង (seed round) កាលពីខែកញ្ញា ឆ្នាំ២០២៦។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងនេះបានពង្រីក ទៅជាភាពជាដៃគូផ្នែកប្រតិបត្តិការជាមួយ OCIC។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានថ្លែងថា «ភាពជាដៃគូជាមួយក្រុមហ៊ុន Newwave នេះនឹងអនុញ្ញាតឱ្យក្រុមការងាររបស់យើង ស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យា AI អាចជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងរបៀបដែលយើងអាចផ្តល់សេវាកម្ម កាន់តែប្រសើរដល់អតិថិជន។ នៅពេលដែលអាជីវកម្មរបស់យើងរីកចម្រើន ហើយការរំពឹងទុករបស់អតិថិជន មានការផ្លាស់ប្តូរឥតឈប់ឈរ យើងត្រូវការដៃគូដែលអាចជួយយើងឱ្យឆ្លើយតបបានលឿន និងសម្របខ្លួនទៅនឹងតម្រូវការរបស់ប្រជាជនវ័យក្មេង ឬយុវវ័យជំនាន់ក្រោយ។ Newwave ផ្តល់ឱ្យយើងនូវវិធីសាស្ត្រជាក់ស្តែងក្នុងការនាំយក AI និងឧបករណ៍បច្ចេកវិទ្យាមកប្រើប្រាស់ ដើម្បីឱ្យក្រុមការងាររបស់យើង អាចផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន»។

សម្រាប់ក្រុមហ៊ុន OCIC កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល (digital transformation)។ ចំណែកឯក្រុមហ៊ុន Newwave នេះគឺជាឱកាសមួយដើម្បីអនុវត្តឧបករណ៍ AI របស់ខ្លួននៅក្នុងក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់កម្ពុជា និងជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ លើករណីប្រើប្រាស់ជាក់ស្តែង និងគម្រោងធំៗ។
មន្ទីរពិសោធន៍នវានុវត្តន៍ (Innovation Lab) ថ្មីមួយនៅ Connexion ទន្ទឹមនឹងនេះ OCIC បានបើកដំណើរការ Innovation Lab ថ្មីមួយ ដែលគាំទ្រដោយ Newwave ដើម្បីអនុញ្ញាតឱ្យមានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី។

Innovation Lab របស់ Connexion Hub ជាមជ្ឈមណ្ឌលជាក់ស្តែងសម្រាប់ជំរុញនវានុវត្តន៍ ការសាកល្បង និងកិច្ចសហការរវាងសាជីវកម្ម និងក្រុមហ៊ុន ធុរកិច្ចថ្មី (Startup)។ Innovation Lab របស់ OCIC ដែលគាំទ្រដោយ Newwave នឹងផ្តល់នូវការជំរុញ AI សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ទីតាំងសម្រាប់ក្រុមហ៊ុន Startup អន្តរជាតិដែលមានបំណងចូលមកប្រកបអាជីវកម្មនៅកម្ពុជា កម្មវិធីនវានុវត្តន៍សម្រាប់សាជីវកម្ម ការបង្ហាញ និងសាកល្បងបច្ចេកវិទ្យា ការពិសោធន៍ AI និងការបច្ចេកវិទ្យាថ្មីៗ កិច្ចប្រជុំវិនិយោគិន និងក្រុមហ៊ុនធុរកិច្ចថ្មី។ វិស័យអាទិភាពដែលនឹងត្រូវសិក្សា និងសាកល្បងជាដំបូង រួមមាន បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), សន្តិសុខសាយប៊័រ (Cybersecurity), ទីក្រុងឆ្លាតវៃ (Smart City), ប្រព័ន្ធដឹកជញ្ជូន និងការចល័ត (Mobility) ព្រមទាំងបច្ចេកវិទ្យាសម្រាប់វិស័យអចលនទ្រព្យ និងសំណង់។

ដោយផ្តោតសំខាន់លើក្រុមហ៊ុនធុរកិច្ចថ្មី (Startups) ស្ថាបនិក សិស្ស-និស្សិត និងសហគ្រិន កម្មវិធីនេះមានគោលបំណងគាំទ្រគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់កម្ពុជា។
កន្លែងដែលបច្ចេកវិទ្យារបស់កម្ពុជាសម្រាប់ថ្ងៃអនាគត នឹងត្រូវបានសាងសង់សព្វថ្ងៃនេះ Innovation Lab ចាប់ផ្តើមជាកន្លែងសម្រាប់មនុស្សជួបជុំ ចែករំលែកក្តីស្រមៃ និងការតភ្ជាប់។ នៅថ្ងៃអនាគត ទីកន្លែងនេះនឹងក្លាយជាកន្លែងមួយ ដែលអនាគតបច្ចេកវិទ្យារបស់កម្ពុជាត្រូវបានអភិវឌ្ឍ សាកល្បង និងពង្រីក៕