* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់

07-10-2026 10:22

(បរទេស)៖ និយតករឯកជនភាពអូស្ត្រាលី បានបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិន Shenzhen Qingcheng Future Technology ដែលជាអ្នកផលិតកម្មវិធី HeyCyan សម្រាប់វ៉ែនតាឆ្លាតវៃ ដែលត្រូវបានលក់តាមអ្នកចែកចាយដូចជា Kmart, Big W Marketplace និង Amazon។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

ការិយាល័យស្នងការព័ត៌មានអូស្ត្រាលី (OAIC) បាននិយាយថា ខ្លួនបានតាមដានការដាក់លក់វ៉ែនតាឆ្លាតវៃតាំងពីដើមឆ្នាំ២០២៦ ហើយកាលពីខែសីហា បានទទួលសំណើពីអគ្គព្រះរាជអាជ្ញា ឱ្យពិនិត្យពីផលប៉ះពាល់ផ្នែកឯកជនភាពរបស់ឧបករណ៍ទាំងនេះ។ បន្ទាប់មក OAIC បានស្នើព័ត៌មានពីក្រុមហ៊ុនផលិត និងអ្នកចែកចាយ រួមមាន Meta, Kmart, Google និង Shenzhen Qingcheng អំពីរបៀបដែលវ៉ែនតាកត់ត្រាព័ត៌មាន អ្នកដែលអាចចូលប្រើទិន្នន័យ និងទីកន្លែងរក្សាទុកទិន្នន័យ។

ទោះជាយ៉ាងណា និយតករបានបញ្ជាក់ថា Shenzhen Qingcheng ដែលមានមូលដ្ឋាននៅប្រទេសចិន មិនបានឆ្លើយតបនឹងសំណើសុំព័ត៌មាននោះទេ។ កម្មវិធី HeyCyan គឺចាំបាច់សម្រាប់ឱ្យវ៉ែនតាឆ្លាតវៃមួយចំនួនដំណើរការបានពេញលេញ រួមទាំងវ៉ែនតា Anko របស់ Kmart និងម៉ូដែលដែលលក់តាម Big W Marketplace និង Amazon។

គួរជម្រាបថា ការស៊ើបអង្កេតនេះកើតឡើង ខណៈអូស្ត្រាលីកំពុងបង្កើនការត្រួតពិនិត្យលើវ៉ែនតាឆ្លាតវៃដែលមានកាមេរ៉ា ដោយសារកង្វល់អំពីឯកជនភាព និងសន្តិសុខ។ កាលពីខែកញ្ញា រដ្ឋាភិបាលអូស្ត្រាលីក៏បាននិយាយថា ខ្លួនកំពុងពិចារណារារាំងការប្រើប្រាស់វ៉ែនតាប្រភេទនេះនៅកន្លែងធ្វើការរបស់រដ្ឋាភិបាលផងដែរ៕